ហ៊ុន សែន មិនអត់ឱនឲ្យអ្នកកាសែត ដែលផ្សាយព័ត៌មានបង្ក«បដិវត្តពណ៌»
លោកនាយករដ្ឋមន្ត្រីម្នាក់ឯង តែអាចដើរតួរសំដែងបានច្រើនប្រភេទ៖ ជានាយករដ្ឋមន្ត្រីដែលសរសើរខ្លួនឯង ជាគ្រូបង្រៀនអ្នកកាសែត ជាអ្នកធ្វើស្ថិតិ ជាអ្នកថ្នាក់ថ្នមអង្អែលខ្នង ហើយក៏ជាអ្នកព្រមាន និងគម្រាមវាយក្បាលផងដែរ។ ហើយការសំដែងទាំងអស់នេះ មាននៅក្នុងសារលិខិតមួយ ដែលលោកនាយករដ្ឋមន្ត្រី បានសរសេរយ៉ាងវែងអន្លាយ ដើម្បីផ្ញើរជូន«វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា» ក្នុងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា។
លិខិតបីទំព័ររបស់លោក ហ៊ុន សែន ដែលចុះហត្ថលេខា តាំងពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ បានសរសេររៀបរាប់ កោតសរសើរអ្នកសារព័ត៌មាន ដែលបានផ្សាយព័ត៌មាន ឲ្យមហាជនទូទៅបានដឹង និងស្វែងយល់ ពីការវិវត្តន៍នានា ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ហើយលោកបានចាត់ទុកសារព័ត៌មាន ថាជា«ដៃគូអភិវឌ្ឍមិនអាចខ្វះបាន»។ នាយករដ្ឋមន្ត្រីកម្ពុជា បានលើកពីស្ថិតិ នៃអង្គភាពសារព័ត៌មាននៅកម្ពុជា ថាមានចំនួន [...]