សហភាពអ៊ឺរ៉ុប៖ ការប៉ុនប៉ងរំលាយ CNRP នឹងធ្វើឲ្យ«អន្តរាយ» ដល់ការបោះឆ្នោតជាតិ ២០១៨
សហភាពអ៊ឺរ៉ុប បានធ្វើប្រតិកម្មជាផ្លូវការ នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧នេះ ទៅនឹងបណ្ដឹងឡើងទៅតុលាការកំពូល ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ប្ដឹងស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា។ សេចក្ដីថ្លែងការណ៍ របស់គណៈប្រតិភូសហភាពអ៊ឺរ៉ុប ប្រចាំនៅកម្ពុជា ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបាននៅមុននេះបន្តិច បានសរសេរថា សហភាពអ៊ឺរ៉ុប សូមទទូចទៅរដ្ឋាភិបាលកម្ពុជា ឲ្យពិចារណាឡើងវិញ ជុំវិញទង្វើនេះរបស់ខ្លួន។
អត្ថបទខ្លីតែមានន័យច្រើននោះ បានសរសេរថា៖ «សេចក្ដីថ្លែងការណ៍ជាច្រើន ដែលចេញផ្សាយ ក្នុងសប្ដាហ៍ចុងក្រោយ ដោយសហភាពអ៊ឺរ៉ុប បានបញ្ជាក់យ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ យ៉ាងជ្រាលជ្រៅរបស់យើង ចំពោះស្ថានភាពនយោបាយចុងក្រោយ នៅកម្ពុជា។ ស្ថិតក្នុងបរិបទនេះ ទង្វើរបស់អាជ្ញាធរកម្ពុជា ដើម្បីស្វែងរកការំលាយ គណបក្សប្រឆាំងសំខាន់ជាងគេ នៅក្នុងប្រទេសនេះ បានបង្កឲ្យមានការព្រួយបារម្ភ [...]