អាជីវករ​ផ្សារ​ដើម​គ រអ៊ូ​រឿង​លូ​បាក់​គ្មាន​អ្នក​ដោះ​ស្រាយ ជាង​២ខែ

អាជីវករនៅផ្សារដើមគរ បានរអ៊ូរទាំថា ប្រធានផ្សារដែលមាននាទី ធ្វើឲ្យផ្សារមានសណ្តាប់ធ្នាប់ និង​អនាម័យ បាន​ប្រមូល​លុយ​កាក់ ពីពួកគាត់រាល់ថ្ងៃ ទាក់ទងថ្លៃឈ្នួល​សម្អាតបរិស្ថានផ្សារ តែហាក់មិនបានគិតគូរ ពី​បញ្ហា​«លូ​បាក់» នៅកណ្ដាល​ផ្លូវ​៣៣៦​សោះ។ តែចម្លើយរបស់​ប្រធានផ្សារ ថា​មិន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង របស់​លោក​ទេ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១១វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 13, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងរាជធានីភ្នំពេញ បញ្ហាដែលកើតមាន ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ តើគេត្រូវទៅរកនរណា ឲ្យមក​ដោះ​ស្រាយ? តើនរណាមួយ មានភារកិច្ចទទួលខុសត្រូវ ផ្នែកសុខមាលភាព នៃការរស់នៅ និង​ការរក​ទទួល​ទាន​ដោយស្របច្បាប់ របស់ពលរដ្ឋ? ខាងក្រោមនេះ គ្រាន់តែជាករណីនៃការ«បាក់លូ»កណ្ដាលផ្លូវថ្នល់ ដែល​ស្ថិត​នៅក្នុងមូលដ្ឋាន នៃផ្សារដើមគ ដែលធ្វើឲ្យពលរដ្ឋ និងអាជីវករនៅទីនោះ ទ្រាំមិនធ្វើការ«រអ៊ូរទាំ» មិន​បាន។

ស្រីម៉ី អ្នកលើកបន្លែម្នាក់ បានឲ្យដឹងថា លូបាក់អស់រយៈពេល ជាង០២ខែទៅហើយ រីឯបញ្ហា ដែល​ចេញពី​ការ​បាក់​លូ នៅកណ្ដាលផ្លូវថ្នល់ លេខ៣៣៦នេះ ចេះតែកើតមានជាបណ្តើរៗ ដោយពេលភ្លៀងលិចទឹក មាន​សម្រាម​តូចធំ អណ្តែតចូល។ មានម្តងម្កាល អ្នកដំណើរធ្វើដំណើរ តាមផ្លូវនេះ បានផុងធ្លាក់ចូល និង​មាន​អ្នក​ខ្លះ ធ្លាក់​ម៉ូតូចូលក៏មាន។

ចំណែកលោក ណេង ណាត អ្នករត់ម៉ូតូឌុប ដែលចេញចូលផ្សារនេះញឹកញាប់ បាន​និយាយ​ថា បញ្ហា​ទាំង​អស់ បានក្លាយទៅជាក្តីកង្វល់ របស់អ្នកផ្សារទៅហើយ។ ក្ដីកង្វល់នោះនៅត្រង់ថា នៅ​កណ្តាល​រាជធានី​«គុជ» មាន​ក្លិន​ស្អុយ​បែបនេះ មិនល្អទេ។ ម្យ៉ាងវិញទៀត ខ្លាចគ្មានអ្នកណាអើពើ ហើយ​ថ្ងៃ​ក្រោយ អាច​មាន​បញ្ហា​គ្រោះ​ថ្នាក់ ដល់អាយុជីវិតអ្នកដំណើរ ដោយសារលូបាក់ មានប្រហោងដ៏ធំនេះ។

បញ្ហាលូបាក់ ឬមានជង្ហុក នៅតាមផ្លូវសារធារណៈ នៅរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន ហាក់​សម្បូរ​ជាង​ពី​មុន ជាពិសេស​នៅក្នុងខែតុលា និងវិច្ឆិកា ចុងឆ្នាំ២០១៥នេះ  ដែលមានភ្លៀងធ្លាក់ស្ទើរាល់ថ្ងៃ។

សម្រាប់លោក សេង សារ៉ន ប្រធានផ្សារដើមគរ បានមានប្រសាសន៍ ឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹង នៅ​ថ្ងៃទី១១ ខែវិច្ឆិកានេះថា គាត់ទទួលបានដំណឹងពីបញ្ហា លូបាក់ នៅផ្លូវ៣៣៦នេះ ច្បាស់ណាស់ តាំងពី​ជាង​ពីរ​ខែ​ហើយ។ លោកថា ខាងសណ្ដាប់ធ្នាប់ផ្សារ មិនអាចជួសជុលលូនបានទេ ដោយសារលូនោះ ជាប្រព័ន្ធលូធំ ហើយវាជាសមត្ថកិច្ច របស់បញ្ជាការខណ្ឌ ឬខាងសារធារណៈការ និងដឹកជញ្ជូន ទើបអាចជួសជុលបាន (ទំហំ​០៦តឹក)។ លោកបានអះអាងថា លោកបានដោះស្រាយបញ្ហានេះ ដោយដាក់ផែនការស្នើសុំ ទៅថ្នាក់​លើ​ដើម្បី​ឲ្យជួយ ជាបន្ទាន់។

លោក សេង សារ៉ន បញ្ជាក់ថា នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកានេះ ក្រុមការងាររបស់ផ្សារដើមគ កំពុង​ធ្វើការ​ស្តារ​សម្រាម ពីក្នុងលូនេះ ដើម្បីរងចាំកម្លាំងពីខណ្ឌទួលគោក មកធ្វើការដោះស្រាយបន្ត។

ពាក់ព័ន្ធជាមួយបញ្ហានេះដែរ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន នៅរាជធានី​ភ្នំពេញ បានឲ្យដឹងដែរថា លោកបានទទួលរបាយការណ៍ ពីខណ្ឌទួលគោកពាក់ព័ន្ធ ទៅនឹងបញ្ហាលូបាក់ នៅ​ផ្លូវ​ខាង​លើ​កាលពីពេលថ្មីៗនេះ។ បច្ចុប្បន្ន លោកបានបញ្ជូនកម្លាំង ទៅជួសជុលនៅកន្លែងលូបាក់។ តែ​លោក​​បញ្ជាក់​ថា ដំបូងអាចដាក់បាន តែដែកបន្ទះ ដើម្បីកុំឲ្យមនុស្សម្នាផុង ជាបណ្តោះអាសន្នប៉ុណ្ណោះ។

ដោយឡែក ការសាងសង់ឬការជួសជុល ត្រូវចំណាយពេលច្រើន ព្រោះការជួសជុលប្រព័ន្ធលូធំ មានការ​ពាក់​ព័ន្ធ​ច្រើន ជាមួយលូផ្សេងទៀត។ លោកប្រធានមន្ទីរបានឲ្យដឹងដែរថា ខាងលោកបានបញ្ជូនមន្ត្រី ទៅ​ជា​មួយ​មន្ត្រី របស់ខណ្ឌទួលគោក ដើម្បីត្រួតពិនិត្យពីបញ្ហានេះ រួចរាល់ហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...