គ្មាននរណាលើកញញួរនេះរួចទេ ក្រៅពី... «អាទិទេព»មួយរូប?
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១៥ តុលា ២០១៥
- កែប្រែចុងក្រោយ: October 17, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ញញួរ«Mjolnir»នេះ ជាការដកស្រង់គំនិត ចេញពីភាពយន្ដហូលីវូដ «Thor» ដែលយកតាមដំណើររឿង ព្រេងកថា របស់បណ្ដាប្រទេស នៅអ៊ឺរ៉ុបខាងជើង។ ញញួរ នៅក្នុងព្រេងកថា ដែលមានមហិទ្ធិរិទ្ធិអស្ចារ្យ មានតែម្ចាស់របស់វាប៉ុណ្ណោះ ដែលមានសមត្ថភាព អាចលើកមកកាន់នឹងដៃ ហើយអាចប្រើប្រាស់វាបាន។ ប៉ុន្តែរឿងដ៏អស្ចារ្យ ត្រូវបានពង្រួមឲ្យនៅត្រឹមតែ ជារឿងកំប្លែងមួយ និងអត់ទ្រាំមិនសរសើរមិនបាន ជាមួយនឹងស្នាដៃ របស់វិស្វករមួយរូបជាតិអាមេរិក រស់នៅក្នុងរដ្ឋកាលីហ្វ័នី (ភាគខាងលិចសហរដ្ឋអាមេរិក)។
វិស្វករអេឡិចត្រូនិកឈ្មោះ អេឡេន ផេន (Allen Pan) បានបង្កើតស្នាដៃនេះ ដែលមានលក្ខណៈជាចលករដែកឆក់ ដាក់ចូលទៅក្នុងស្រោមពីខាងក្រៅ មើលទៅដូចជាញញួរ នៅក្នុងព្រេងកថាពិត។ ចលករដែកឆក់ បានឆក់ជាប់ទៅនឹងដែកទាំងឡាយ ដែលមាននៅតាមដងផ្លូវ «Venice Beach» នៃក្រុងឡូសអេនជឺឡេស ក្នុងនោះ មានដូចជាគម្របលូ ដែកបន្ទះធំៗ។ល។ រឿងដែលសំខាន់ គឺចលករដែកឆក់ នឹងលែងឆក់ នៅពេលដែលម្ចាស់វា ចូលមកកាន់ដងញញួរ ដោយហេតុថា ចលករនេះ បានស្គាល់ស្នាមក្រយ៉ៅមេដៃ របស់អ្នកផលិតវា។
តើញញួរ «Mjolnir» នៅក្នុងព្រេងកថា «Thor » ពិតជាមានបំពាក់ ដោយបច្ចេកវិទ្យារបៀបនេះ តាំងពីជំនាន់នោះឬយ៉ាងណា? ចម្លើយ៖ គួរទុកឲ្យប្រិយមិត្តអ្នកអាន ឆ្លើយដោយខ្លួនឯងទៅចុះ៕