ពលរដ្ឋនៅអូដំរី ថាមន្ត្រីនគរបាលមករុះរើផ្ទះសម្បែងខ្លួន យ៉ាងអាណាធិបតេយ្យ
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី១៩ មិនា ២០១៥
- កែប្រែចុងក្រោយ: March 19, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រភពពត័ត៌មាន បានឲ្យដឹងថា ហេតុការណ៍រុះរើ ដោយមិនមានហេតុផល ច្បាស់លាស់នេះ បានធ្វើឡើង នៅក្នុងសហគមន៍អូដំរី សង្កាត់ស្ទឹងហៅ ខណ្ឌអូត្រែស ខេត្តព្រះសីហនុ។ នៅមិនទាន់មានការបញ្ឈប់ណាមួយ នៅឡើយទេ បើតាមការបញ្ជាក់ របស់ពលរដ្ឋនៅទីនោះផ្ទាល់ ដោយហេតុថា ម្ចាស់ផ្ទះទាំងអស់ មិននៅផ្ទះ និងចេញទៅធ្វើការងារអស់ ហើយមន្រ្តីទាំងនោះឆ្លៀតពេល អ្នកភូមិមិននៅ ក៏ធ្វើសកម្មភាពតែម្តង។ ប្រភពបានបន្តថា ទោះបីជាអ្នកភូមិខ្លះ បានដឹងពីការរុះរើនេះ ហើយបានចេញ ពីធ្វើការមកវិញក៏ដោយ ក៏មិនអាចចូលទៅកាន់ ផ្ទះសម្បែងរបស់ខ្លួន បានដែរ ព្រោះក្រុមអ្នករុះរើ របស់អាជ្ញាធរទាំងនោះ បានបិទផ្លូវចេញចូល ក្នុងសហគមន៍ជិតឈឹង។
លោក សេង ឌីណា ជាម្ចាស់ផ្ទះមួយ ក្នុងចំណោមម្ចាស់ផ្ទះ ទាំង១៤៩គ្រួសារ ដែលរងគ្រោះ ក្នុងសហគមន៍អូដំរី បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដឹងនៅព្រឹក ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៥នេះថា ប៉ូលិសទាំងនោះ ប្រដាប់ដោយអាវុធ មានគ្នាប្រមាណ ជា១០០នាក់ ដែលដាក់ពង្រាយ ពីមួយកន្លែង ទៅមួយកន្លែង ដែលមានផ្ទះពលរដ្ឋ ចាប់ពីម៉ោង៨ព្រឹក។ លោកបន្តថា អ្វីដែលលោកបានឃើញគឺ ផ្ទះជាង២០ខ្នង បានកំទេចអស់ទៅហើយ ក្នុងរយៈពេល មិនបានបីម៉ោងនោះទេ។ លោក ឌីណា បានបន្តថា អ្នករស់នៅសហគមនេះ ហាក់គ្មានសិទ្ធ បញ្ចេញព័ត៌មានណាមួយសោះ ចេញទៅខាងក្រៅ សូម្បីតែពេលមានជម្លោះដីធ្លី ឡើងដល់តុលាកាក៏ដោយ ក៏ពលរដ្ឋ នៅតែជាអ្នកចាញ់រហូត។ ស្រាប់តែមកដល់ពេលនេះ មិនដឹងមានបញ្ជាពីខាងណា ដើម្បីមកកំទេចផ្ទះពលរដ្ឋ ឆៅៗតែម្ដង។
តំណាងសហគមអូដំរីលោក ម៉ន ស៊ីណា បានឲ្យទស្សនាវដ្តីដឹងដែរថា លោកមិនបានទទួលព័ត៌មានអ្វី បន្តិចសោះ ស្រាប់តែនៅសុខៗ មានការរុះរើ ផ្ទះសំបែងដោយគ្មានប្រាប់ ពីហេតុផលបែបនេះ។ លោកបន្តថា នៅក្នុងសកម្មភាពនេះ មិនអាចមានអ្នកណាម្នាក់ ចូលទៅទីនោះបានទេ ព្រោះមានការយាមកាម មិនឲ្យអ្នកភូមិចូល។ ទោះជាមន្រ្តីសង្គមស៊ីវិល ត្រូវបានប៉ូលិសហាមមិនឲ្យទៅក្បែរដែរ។ តំណាងអ្នកភូមិ បានត្រឹមតែផ្តល់ព័ត៌មាននេះ ទៅសមាជិករបស់ខ្លួន ដែលមិននៅផ្ទះប៉ុណ្ណោះ។
តំណាងសហគមន៍អូដំរីដដែល បានបង្ហើបថា លោកមិនដឹងពីហេតុផលច្បាស់លាស់ នៅក្នុងការឈូសឆាយនេះទេ គ្រាន់តែលោកទទួលបានដំណឹងមួយថា ជាបញ្ជារបស់លោកជំទាវ ហ៊ឹម សុវណ្ណារី ជាម្ចាស់ក្រុមហ៊ុនមួយ ធ្លាប់មានជម្លោះជាមួយអ្នកភូមិ ឡើងដល់តុលាការ កាលពីឆ្នាំ២០១០។ អ្នកភូមិម្នាក់ សុំមិនបញ្ចេញឈ្មោះម្នាក់ បានឲ្យដឹងថា បន្ទាប់ពីមានរឿង ជាមួយជំទាវនោះមក អ្នកភូមិក្នុងសហគមន៍ ក៏មានបញ្ហាជាមួយ នាយរងក្រសួងបរិស្ថានខេត្ត ដែលជាអតីត រងសង្កាត់នៅក្នុងខេត្តព្រះសីហនុនេះដែរ។
ទស្សនាវដ្តីមិនអាចទាក់ទង សុំការបកស្រាយ ពីបញ្ហាដែលក្រុមកងកម្លាំងទាំងនោះ បានរុះរើផ្ទះពលរដ្ឋនេះ ពីមេបញ្ជាការកងរាជអវុធហត្ថ ខេត្តព្រះសីហនុបានទេ នៅពេលភ្លាមៗនេះ។ ដោយឡែកទស្សនាវដ្តី បានព្យាយាមទាក់ទង ទៅមន្ត្រីឃ្លាំមើលសិទ្ធមនុស្ស ប្រចាំនៅខេត្តព្រះសីហនុដែរ តែទូរស័ព្ទរបស់លោក គ្មានអ្នកទទួល។ ជុំវិញហេតុការណ៍ និងព័ត៌មានបន្ថែម មាននៅអត្ថបទលើកក្រោយ៕