ពលរដ្ឋចោទ កង ហ៊ាង យកដីស្រែឲ្យក្រុមហ៊ុន គ្មានដំណោះស្រាយ
- ដោយ: លោក គិន ដោយ គិន ង៉ុយ (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២០ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 20, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រជាពលរដ្ឋចំនួន២៥០គ្រួសារ រស់នៅក្នុងភូមិចំនួនបី ស្ថិតនៅក្នុងឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ជាមួយក្រុមហ៊ុន ម៉ាស្ទ័រអ៊ិនធឺណាសិនណល ខបភើរេសិនគ្រូប ដែលជាសាច់ញាតិអតីតអភិបាលខេត្ត បានដាក់ពាក្យស្វែងរកការអន្តរាគមន៍ អំពីសំណាក់អង្គការក្រៅរដ្ឋាភិបាល ឲ្យជួយស្វែងរកដំណោះស្រាយ បន្ទាប់ពីអាជ្ញាធររបស់រដ្ឋាភិបាល បានបដិសេធពុំដោះស្រាយ។
រូបបង្ហាញពីទេសភាពរបស់ស្រុកស្រែរបស់ប្រទេសកម្ពុជា នាពេលរសៀល។ (រូបភាពឯកសារ)
ដីធ្លី - អ្នកស្រី សៅ ពុំ តំណាងប្រជាពលរដ្ឋ រស់នៅក្នុងភូមិតាំងសំរោងបានថ្លែងឲ្យដឹងថា ពលរដ្ឋចំនួនបីភូមិដូចជាភូមិតាំងសំរោង ភូមិក្រាំងបឹង និងភូមិខ្នងក្រាំង ដែលមានចំនួន ២៥០ គ្រួសារ បានធ្វើស្រែចំការនៅលើដីរបស់ខ្លួនចំនួន ៩៥០ ហិកតាតាំងពីឆ្នាំ ១៩៨៥។ ប៉ុន្តែនៅក្នុងឆ្នាំ ២០០៧ លោក កង ហ៊ាង ដែលជាអភិបាលខេត្តបានផ្តល់ដី សម្បទានសេដ្ឋកិច្ចខ្នាតតូច លើដីរបស់ពួកអ្នកស្រីចំនួន ៩១០ ហិកតា ឲ្យទៅក្រុមហ៊ុន ម៉ាស្ទ័រអ៊ិនធឺណាសិនណល ខបភើរេសិនគ្រូប ដែលជាក្រុមហ៊ុនកូនប្រុសរបស់គាត់។
អ្នកស្រីបានរៀបរាប់ថា៖ «ពួកយើងបានប្តឹងគ្រប់ស្ថាប័នរដ្ឋាភិបាល ប៉ុន្តែគេមិនដោះស្រាយ រហូតដល់អភិបាលខេត្តឡើងថ្មី គាត់និយាយថា ដីជម្លោះជាមួយលោក កង ហ៊ាង ទុកឲ្យលោក កង ហ៊ាង ជាអ្នកដោះស្រាយ តើឲ្យពួកយើងស្វែងរកដំណោះស្រាយ តាមវិធីណា? ជម្រើសចុងក្រោយ គឺមានតែពឹងអង្គការក្រៅរដ្ឋាភិបាល ឲ្យជួយដឹងលឺ។»។
អ្នកស្រីបានថ្លែងឲ្យដឹងទៀតថា ពលរដ្ឋបានឈប់ធ្វើស្រែនៅលើដីនោះ តាំងពីឆ្នាំ ២០១១ ដោយសារតែធ្វើស្រែហើយខាងក្រុមហ៊ុន គេឈូសស្រូវទុំចោល និងហាមមិនឲ្យពលរដ្ឋចូលទៅប្រមូលផល ប៉ុន្តែឆ្នាំនេះ ពលរដ្ឋបានសម្រេចចិត្តហើយថា ត្រូវតែចូលទៅធ្វើស្រែនៅក្នុងនោះ។ អ្នកស្រីបានថ្លែងឲ្យដឹងទៀតថា៖ «យើងទ្រាំយូរហើយ ម្តងនេះទោះបីជាកើតស្អីក៏ដោយ ត្រូវតែប្រឈមមុខដាក់គ្នា នេះគឺជាដីយើង ហេតុអីបានជាយកទៅឲ្យក្រុមហ៊ុន ហើយនេះជាកំហុសរបស់រដ្ឋាភិបាល យើងធ្វើស្រែជាង៣០ឆ្នាំ មិនធ្វើប័ណ្ណកម្មសិទ្ធិឲ្យទេ ប៉ុន្តែអាប័ណ្ណបោះឆ្នោតហ្នឹងធ្វើឲ្យលឿនណាស់»។
អស់ជំនឿលើអាជ្ញាធរ និងចាញ់បោកក្រុមយុវជនស្ម័គ្រចិត្ត ...
អ្នកស្រី សៅ យុយ អាយុ ៦៤ ឆ្នាំ បានថ្លែងឲ្យដឹងថា ប្រជាពលរដ្ឋអស់ជំនឿទៅលើអាជ្ញាធរ ពីព្រោះបានរងចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយថែមទាំងចាញ់បោកក្រុមយុវជនស្ម័គ្រចិត្តទៀត។ គេថាគេវាស់ដីឲ្យ បន្ទាប់ពីបោះឆ្នោតហើយ ប្រសិនបើពលរដ្ឋបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា ប៉ុន្តែរហូតមកដល់ពេលនេះ ពុំឃើញមុខពួកគេទេ។ អ្នកស្រីបានថ្លែងឲ្យដឹងទៀតថា៖ «ពួកយើងបានធ្វើអស់ហើយ ដូច្នេះម្តងនេះយើងធ្វើតាមវិធីរបស់យើងវិញ»។
អ្នកស្រីបានថ្លែងឲ្យដឹងទៀតថា នៅក្នុងជម្លោះដីធ្លីនេះកាលពីឆ្នាំ ២០១១ នៅពេលដែលពលរដ្ឋនាំគ្នាតវ៉ា ការចូលឈូសឆាយរបស់ក្រុមហ៊ុន បានបណ្តាលឲ្យស្រ្តី២នាក់រលួតកូន និងពលរដ្ឋចំនួន ៣៥នាក់បានរងរបួស។ អ្នកស្រីបានថ្លែងឲ្យដឹងថា៖ «អាជ្ញាធរបានផ្តល់ដីសម្បទាន ឲ្យទៅក្រុមហ៊ុននោះ ទាំងបិទភ្នែកដោយមិនដឹងថា ដីនោះ គឺជាដីរបស់កសិករធ្វើស្រែរាល់ឆ្នាំ អាជ្ញាធរជាអ្នកបង្កើតជម្លោះ»។
យោងតាមឯកសារ ដែលចុះហត្ថលេខាដោយលោក ច័ន្ទ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឆ្នាំ ២០០៩ បានឯកភាពតាមសំណើរ របស់អភិបាលខេត្តកំពង់ស្ពឺ ក្នុងការផ្តល់សិទ្ធិឲ្យក្រុមហ៊ុន ម៉ាស្ទ័រអ៊ិនធឺណាសិនណល ខបភើរេសិនគ្រូប ធ្វើការវិនិយោគដាំដើមអាកាស្យា ប្រេងខ្យល់ ដំឡូងមី និងស្វាយចន្ទី លើផ្ទៃដីចំនួន ៩១០ ហិកតា។
ក្រុមអាឡេអាឡឺ ...
លោក កង ហ៊ាង អតីតអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹងថា រាល់កាធ្វើវិនិយោគ គឺធ្វើទៅតាមច្បាប់ ហើយលោកក៏ពុំមែនជាអ្នកអនុម័ត ឲ្យក្រុមហ៊ុនតែម្នាក់ឯងនោះដែរ គឺត្រូវឆ្លងកាត់គណកម្មាធិការអន្តរក្រសួង៣ទៅ៤លើក ទើបយល់ព្រមឲ្យទៅក្រុមហ៊ុនវិនិយោគ។ លោកបានថ្លែងឲ្យដឹងថា៖ «យើងពុំដែលយកដីរបស់ប្រជាជន ទៅឲ្យក្រុមហ៊ុននោះទេ ដីនោះគឺជាដីសាធារណៈរបស់រដ្ឋ ចុះបើដីគាត់មែនម៉េចយូរហើយមិនប្តឹង? មិនដឹងជាក្រុមអាឡេអាឡឺ មកពីណា។ កូនប្រុសខ្ញុំគ្មានពាក់ព័ន្ធក្នុងដីនោះទេ។»។
លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ សមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងឲ្យដឹងថា ពលរដ្ឋដែលដាក់ពាក្យមកស្វែង រកពីអន្តរាគមន៍ពីអង្គការក្រៅរដ្ឋាភិបាល ដោយសារតែគាត់បានព្យាយាមស្វែងរកការអន្តរាគមន៍ ពីអាជ្ញាធរច្រើនលើកច្រើនសារមកហើយ ប៉ុន្តែអាជ្ញាធរពុំបានយកចិត្តទុកដាក់ក្នុងរឿងរបស់គាត់ ហើយថែមទាំងចោទពលរដ្ឋថា ជាជនអនាធិបតេយ្យទៀត។ លោកបានថ្លែងបញ្ជាក់ថា ៖ «រឿងនេះអាជ្ញាធរត្រូវធ្វើការស៊ើបអង្កេតឲ្យបានច្បាស់ ដើម្បីផ្តល់យុត្តិធម៌ដល់ពួកគាត់ ដែលបានរស់នៅតាំងពីឆ្នាំ ១៩៨៥មកនោះ ប៉ុន្តែរឿងនេះ វាអយុត្តិធម៌ណាស់ ដែលអាជ្ញាធរចោទពួកគាត់ថា ជាក្រុមអានាធិបតេយ្យនោះ។ ដូច្នេះ តើឲ្យស្វែងរកដំណោះស្រាយយ៉ាងម៉េចកើត?»៕