តម្លៃអង្ករក្រអូបកម្ពុជាធ្លាក់ចុះខ្លាំង នៅចុងឆ្នាំ២០១៤
- ដោយ: ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១៨ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 19, 2014
- ប្រធានបទ: ពាណិជ្ជកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានក្រុមហ៊ុនខ្មែរហ្វូតគ្រុប លោកឧកញ៉ា គឹម សាវុធ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នាថ្ងៃទី១៨ ខែវិច្ឆិកានេះ ក្នុងឱកាសលោកចូលរួម ក្នុងពិធីបុណ្យអង្ករកម្ពុជា លើកទី២ ក្នុងឆ្នាំ២០១៤នេះថា ដើម្បីរក្សាទីផ្សារអង្ករកម្ពុជានៅលើឆាកអន្តរជាតិ កម្ពុជាបានទម្លាក់តម្លៃអង្កររបស់ខ្លួន។ ការទម្លាក់នូវតម្លៃអង្ករនេះ ត្រូវបានប្រធានក្រុមហ៊ុនអ្នកនាំអង្ករចេញរូបនេះពន្យល់ថា ដោយសារតែតម្លៃអង្កររបស់ប្រទេសថៃ ត្រូវបានទម្លាក់មុន ដូច្នេះកម្ពុជាក៏ត្រូវទម្លាក់ដែរដើម្បីរក្សាទីផ្សារ។
លោកបន្ថែមថា៖ «អ្នកនាំចេញយើងក្នុងឆ្នាំ២០១៤នេះ សឹងតែរកប្រាក់ចំណេញអត់បានទេ ដោយសារថៃគាត់ទម្លាក់ អញ្ចឹងបើសិនយើងមិនទម្លាក់តាម យើងបាត់ទីផ្សារ។ ជួនកាលរឿងលុយចំណេញជារឿងមួយ រឿងទីផ្សារជារឿងសំខាន់ យើងសុខចិត្តទម្លាក់តម្លៃបន្ថយលុយចំណេញ រក្សាទីផ្សារយើងឱ្យបាន»។
លោកបញ្ជាក់ថា នៅចុងឆ្នាំនេះ ស្របពេលដែលប្រទេសម៉ាឡេស៊ី និងប្រទេសចិន កំពុងបញ្ជាទិញនូវបរិមាណអង្ករ ដ៏ច្រើនគួរសមដែរនោះ តម្លៃអង្ករក្រអូប ធ្លាក់នៅត្រឹមក្រោម៨០០ដុល្លា ក្នុងមួយតោន បើប្រៀបធៀបនឹងការលក់នៅខែមករា ដើមឆ្នាំមាន២០១៤ តម្លៃអង្ករក្រអូបលក់បាន ក្នុងតម្លៃរហូតដល់៨៨០ដុល្លា ក្នុងមួយតោន។ ប៉ុន្តែលោកបញ្ជាក់ថា អង្ករស ធម្មតា មានបានរក្សានូវតម្លៃថ្លៃដដែល ដោយសារលក់អស់ ហើយវាមានចំនួនតិច។
បើតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលថ្លែងបើកកក្នុងពិធីបុណ្យអង្ករកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ បានបញ្ជាក់ដែរថា ក្នុងរយៈពេល១០ខែដំបូង ក្នុងឆ្នាំ២០១៤នេះ កម្ពុជាបាននាំចេញអង្ករជិត៣០ម៉ឺនតោន។ លោកបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមក លោកសង្កេតឃើញថា កម្ពុជាសម្រេចបាននូវជោគជ័យយ៉ាងធំធេង ក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ។ លោកថាកាលពីឆ្នាំ២០១៣ កម្ពុជាបាននាំអង្ករចេញ ប្រមាណជាង៣៧ម៉ឺនតោន ទៅកាន់ប្រទេសជាង៥០នៅលើពិភពលោក៕