ក្រុងព្រះសីហនុ៖ ពលរដ្ឋឆ្នេរអូឈើទាល និងកំលាំងនគរបាល កំពុងប្រឈមមុខគ្នា
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៨ វិច្ឆកា ២០១៤
- កែប្រែចុងក្រោយ: November 19, 2014
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅព្រឹកថ្ងៃទី ១៨ វិច្ឆិកានេះវេលាម៉ោង ១០:០០ ប្រជាពលរដ្ឋដែលរងការបណ្តេញចេញ ពីលំនៅដ្ឋាន នៅឆ្នេរអូឈើទាល បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងនគរបាល បន្ទាប់ពីពួកគេបានមកបោះតង់ស្នាក់នៅ នៅលើតំបន់ឆ្នេរដោយមិនមានការអនុញ្ញាតពីអាជ្ញាធរ។ ការប៉ះទង្គិចគ្នានេះ ពុំមានបង្ករជារបួសស្នាម ទៅភាគីណាមួយឡើយ។ តែបន្ទាប់ពីនោះមក អភិបាលរងក្រុងព្រះសីហនុ បានចុះមកធ្វើការសម្របសម្រួល និងឲ្យប្រជាពលរដ្ឋរើចេញពីទីនោះ ជាបណ្តោះអសន្នសិនដើម្បីរកដំណោះស្រាយ ប៉ុន្តែក្រុមពលរដ្ឋមិនបានចេញពីទីនោះទេ ពោលគឺពួកគេនៅដេកចាំនៅលើតំបន់ឆ្នេរនោះបន្តទៀត។
ចំណែកឯកងកំលាំងប្រមាណជា៣៥នាក់ ដែលត្រូវបានដាក់ពង្រាយ ក៍នៅឈរជើងនៅទីនោះដែរ មិនទាន់ចេញទៅណាដែរ ប៉ុន្តែបានធ្វើការហាមឃាត់ប្រជាពលរដ្ឋ មិនឲ្យបោះតង់បន្ថែមទៀត។
ប្រជាពលរដ្ឋដែលរងការបណ្តេញចេញនោះ មានចំនួន ៥០ គ្រួសារ ពួកគាត់ធ្លាប់ជាអាជីវករលក់ដូរ ជួលកង់ឡាន ជួលរោងសំរាប់ភ្ញៀវទេសចរណ៍ នៅមាត់ឆ្នេរអូឈើទាល។ ហើយបច្ចុប្បន្ននេះ ពួកគាត់កំពុងជួបការលំបាក ដោយសារកាបណ្តេញចេញនេះ ដោយហេតុត្រូវបាត់បង់មុខរបរ អ្នកខ្លះទៀតមិនមានទីលំនៅផ្សេង ក្រៅពីទីលំនៅមុនក្នុងតំបន់ឆ្នេរអូឈើទាលទេ ហើយបន្ទាប់ពីមានការបណ្ដេញចេញ ពួកគាត់ត្រូវបង្ខំចិត្តទៅសុំផ្ទះបងប្អូនស្នាក់នៅ។
អ្នកស្រី សុខា ជាអាជីវករដែលធ្លាប់រស់នៅតំបន់ឆ្នេរនោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា គាត់រស់នៅទីនោះតាំងពីឆ្នាំ ១៩៩៧មកម្លេះ ហើយគាត់បានទិញដីនៅទីនោះតម្លៃ ៦០០០ដុល្លា ប៉ុន្តែត្រូវបានអាជ្ញាធរបណ្តញចេញ នៅឆ្នាំ២០០៦ ដោយលើកហេតុផលថា យកតំបន់នោះទៅឲ្យក្រុមហ៊ុនមួយ ធ្វើការអភិវឌ្ឍន៍។
រីឯលោក ម៉ឺន រតនា ដែលជាតំណាងអ្នកប្រជាពលរដ្ឋមួយរូបទៀត បាននិយាយថា ការបណ្តេញចេញប្រជាពលរដ្ឋ នៅតំបន់ឆ្នេរនេះ គេបានបណ្តេញចេញតែប្រជាពលរដ្ឋណា ដែលមិនមានខ្សែរយៈជាមន្ត្រីរាជការប៉ុណ្ណោះ ចំពោះសាច់ញ្ញាត់របស់ មន្ត្រីប៉ូលីស បេអឹមវីញ នៅលក់ដូរធម្មតា មិនបានចាកចេញពីនោះ តាមការបណ្តេញចេញរបស់អាជ្ញាធរទេ។
ប្រជាពលរដ្ឋដែលរស់នៅលើតំបន់នោះភាគច្រើ បានរស់នៅតាំងពី ឆ្នាំ ១៩៩៧ ដែលអ្នកខ្លះបានទិញដីនោះ តៗពីគេគ្នា និងខ្លះទៀតបានទិញដី ពីអាជ្ញាធរនគរបាលក្នុងតម្លៃរាប់ពាន់ រាប់ម៉ឺនដុល្លារ។ ពួកគាត់បានបញ្ជាក់ទៀតថា ពួកគាតត្រូវការសំណង ពីក្រុមហ៊ុនដែលវិនយោគនោះ ប៉ុន្តែអាជ្ញាធរមិនដែលបានលើកឡើងពីសំណងជូនពួកគេទេ នៅពេលដែលបណ្តេញចេញ អាជ្ញាធរប្រាប់ពួកគាត់ឲ្យរើចេញសិន ទើបដោះស្រាយតាមក្រោយ ប៉ុន្តែរហូតមកដល់ពេលនេះ មិនមានដំណោះស្រាយអ្វីឡើយ។
សូមបញ្ជាក់ជូនដែរថា ក្រុមប្រជាពលរដ្ឋទាំងនោះ ធ្លាប់បានដាក់ពាក្យបណ្តឹងមករដ្ឋសភា ឲ្យជួយរកដំណោះស្រាយបញ្ហានេះ ជាបន្តបន្ទាប់តាំងឆ្នាំ២០០៦ ដែលត្រូវបានគេបណ្តេញចេញមក ប៉ុន្តែអ្វីៗហាក់ដូចជាគ្រាន់តែគោះ«ឆ្នាំងបាយដែលគ្មានបាយ»ប៉ុណ្ណោះ៕