តារាល្បីៗ និងយុវវ័យកម្ពុជា នាំគ្នាប្រារព្ធបុណ្យ Halloween
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី៣១ តុលា ២០១៤
- កែប្រែចុងក្រោយ: November 01, 2014
- ប្រធានបទ: វប្បធម៌ក្រៅផ្ទះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«Halloween» ជាបុណ្យបែបសាសនាគ្រឹស្ត៍ ដែលគេច្រើននិយមធ្វើ នៅបស្ចឹមលោក។ ចំណែកនៅប្រទេសកម្ពុជាវិញ បន្ទាប់ពីទទួលយកមកប្រារព្ធតាម យ៉ាងពេញទំហឹង នូវបុណ្យតាណូអ៊ែល តាំងពីច្រើនឆ្នាំមកនេះក្តី នៅឆ្នាំ២០១៤នេះ (ពីឆ្នាំមុន មានខ្លះដែរ តែមិនខ្លាំងក្លា) ពន្លកនៃបុណ្យ ហាឡូវីន បានពន្លេចខ្លួនឡើង ក្នុងរាជធានីភ្នំពេញ នៅតាមក្លឹបកំសាន្តមួយចំនួន។ ជាពិសេសទៅទៀត នៅតាមសាលារៀនខ្លះ ក៏គេឃើញមានប្រារព្ធពិធីបុណ្យនេះដែរ។ ក្រុមអ្នកចូលរួមធ្វើបុណ្យ បាននាំគ្នាតុបតែងមុខជារូប ខ្មោច ព្រាយ បីសាច ក្រវ៉េមក្រវ៉ាមពេញមុខ ដើម្បីចូលរួមលេង និងអបអរបុណ្យនេះ។
ជារៀងរាល់ឆ្នាំកន្លងមក ការទទួលយកមកប្រារព្ធ នូវពិធីបុណ្យតាមបែបបស្ចឹមលោកមួយនេះ មិនត្រូវបានកត់សម្គាល់ ថាមានភាពរីកសាយនោះទេ ព្រោះមានធ្វើសម្រាប់តែយុវវ័យមួយចំនួនប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ឆ្នាំ ២០១៤ ការទទួលយកមកអនុវត្ត នូវវប្បធម៌បុណ្យ ហាឡូវីន បានកើតមានកាន់តែច្រើនឡើង និងកាន់តែពេញនិយមតែម្ដង ជាពិសេសមានកម្មវិធីពិសេស ផ្សាយនៅលើកញ្ចក់ទូរទស្សន៍នោះទៀត។
យុវតីអ្នកចូលរួមក្នុងពិធីបុណ្យនេះមួយរូប បានលើកឡើងថា ការដែលនាង ព្រមជាមួយអ្នកជិតខាងរបស់នាង នាំគ្នាប្រារព្វបុណ្យរបស់សាសនាគ្រិស្តមួយនេះ គឺដើម្បីការសប្បាយរីករាយ ទាំងដែលនាងផ្ទាល់ ក៏មិនសូវយល់ពីអត្ថន័យ នៃបុណ្យនេះដែរ។
បុណ្យ Halloween ត្រូវបានប្រារព្ធធ្វើនៅចុងខែតុលា និងបញ្ចប់ត្រឹមថ្ងៃទី ៣១ តុលា ដែលជាខែចាប់ផ្តើមត្រជាក់ និងជាខែ ផ្លាស់ប្តូរពណ៌ស្លឹកឈើ ពីពណ៌បៃតង មកជាពណ៌ក្រហម។ គេបាននាំគ្នាតុបតែមុខ ជាពួកបិសាច ខ្មោច ដែលមានរូបរាងកាយ មុខមាត់អាក្រក់ និងការចេញរាត្បាត របស់ពួកបិសាច។ ចំណែកពួកក្មេងៗ តុបតែងមុខអាក្រក់ ហើយដើរគោះទ្វារ តាមផ្ទះនីមួយៗ។ ចំណែកមនុស្ស នៅក្នុងផ្ទះ គេឲ្យស្ករគ្រាប់ទៅក្មេង ប្រសិនបើម្ចាស់ផ្ទះណា មិនឲ្យស្ករគ្រាប់ទៅពួកគេ គេនឹងយកពងមាន់ គប់ទៅលើផ្ទះនោះតែម្តង៕