បុណ្យភ្ជុំបិណ្ឌ៖ ប្រភព អត្ថន័យ វិធីប្រារព្ធ កំណត់សម្គាល់នានា
- ដោយ: គល់រាំង ([email protected]) - ភ្នំពេញ ថ្ងៃទី ២០ កញ្ញា ២០១២
- កែប្រែចុងក្រោយ: September 21, 2013
- ប្រធានបទ: ប្រពៃណី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
» អានអត្ថបទនេះ ពីទំព័រដើមមកវិញ សូមចុចចុចនៅលើទីនេះ។
ចំណាប់អារម្មណ៍ផ្សេងៗទៀត
វេនកាន់បិណ្ឌ៖
ពិធីបណ្តែតប្រទីបសម្រាប់ដូនតាដែលបានមរណៈកាលទៅ៖ តាំងពីបុរាណកាលមករហូតដល់សព្វថ្ងៃ មានប្រជាជន ក្នុងភូមិស្រុកមួយ ដែលនៅប្រកាន់ខ្ជាប់ពិធីសែនព្រេន នៅតាមផ្ទះក្នុងថ្ងៃភ្ជុំបិណ្ឌ ភូមិស្រុកនោះមានឈ្មោះថា ភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពុងឆ្នាំង ។ របៀបនៃការធ្វើពិធីនេះមានដូចតទៅ៖ នៅពេលរសៀលនៃថ្ងៃបុណ្យភ្ជុំ អ្នកស្រុ កគ្រប់ផ្ទះតែងរៀបចំ តុបតែងលម្អទូកតូចៗដែលគេច្នៃពី ដើមគរ ដើមស្នោ ស្រទបចេក ដើមចេកឬដើមកំប្លោកមួយឬពីរ យ៉ាងស្អាតបាត ។ បន្ទាប់មកគេក៏មានរៀបចំ ច្រកភោគផល សម្លៀកបំពាក់និងម្ហូបអាហារ មាន ស្រូវ អង្ករ ល្ងរ សណ្តែក ប៊ីចេង ម្រេច ខ្ទឹម អំបិល ត្រីងៀត ត្រីឆ្អើរ ស នំគម នំអន្សម នំចក្កច័ន ម្លូរ ស្លា បារី កំបោ ជាកញ្ចប់តូចៗសមល្មម ដែលទូក តូចៗទាំងនោះ អាចចំណុះបាន (បរិមាណជានិមិត្តរូប នៃស្បៀងអាហារ និងភោគផលខ្មែរ) ។ ឯលើទូកទៀតសោត គេមានតុបតែងលម្អដោយភ្លើងពណ៌ ទៀន ធូប ចង្កៀង ផ្កាធ្វើពីក្រដាសឬក្រណាត់ចម្រុះពណ៌ ។
ក្រោយពីគេរៀបចំទូក បានស្អាតរួចរាល់ហើយ គេក៏យកទូកនិងរបស់របរទាំងនោះ ទៅដាក់នៅកណ្តាលផ្ទះល្វែង ដោយ មានក្រាលកន្ទេល ដាក់ខ្នើយនៅក្បាលកន្ទេល រួចយកសំពត់សមកក្រាលពីលើខ្នើយ និងកន្ទេលនោះ ។ ពេលនោះ គេរៀបថាស ម្ហូបនំចំណី បាយបិណ្ឌ បាយបិតបូរ ផ្តិលទឹក ពានស្លាម្លូ ពានបារី ។ គ្រួសារទាំងអស់ មកអង្គុយជុំវិញរណ្តាប់ ទាំងនោះ ហើយមេគ្រួសារអុជទៀនធូប អញ្ជើញវិញ្ញាណក្ខន្ធដូនតា មកពិសាក្រយ៉ានេះ ហើយសុំឲ្យជួយថែរក្សា កូនចៅ នៅរស់ ឲ្យបានសុខសប្បាយ ផង ។ លុះព្រឹកឡើង គេរៀបដាក់នំចំណី ក្នុងកូនទូកធ្វើអំពីដើមចេក ហើយបណ្តែតលើទឹក ដើម្បីជូនដំណើរដូនតាទៅវិញ ។ មុននឹងទៅដល់កំពង់ទឹក ក្នុងវេលាម៉ោង ៣ទៀបភ្លឺ អ្នកស្រុកភូមិទាំងអស់ បាននាំគ្នា ក្រោកឡើង ប្រកូកប្រកាសគ្នីគ្នា ដើម្បីយកទូកដូនតាទៅប្រជុំគ្នានៅកណ្តាលភូមិ បន្ទាប់មកម៉ោងប្រហែល ៤ភ្លឺនៃយប់ថ្ងៃ ភ្ជុំបិណ្ឌ គេក៏នាំគ្នាដង្ហែទូកទាំងនោះ យកទៅបន្តែតនៅមាត់ទន្លេ ។ ថ្ងៃនេះជាថ្ងៃដែលសប្បាយបំផុត សម្រាប់អ្នកស្រុក ភូមិនេះ ។
សសៃធូបដែលដោតលើពំនូកបាយបិណ្ឌ សំរាប់ប្រេតដែលគ្មានញាតិ។ រូបថត D.KEO/MONOROOM.info
ការសូត្រធម៌បរាភវសូត្រ៖ ជារៀងរាល់យប់ ពេលទៀបភ្លឺក្នុងរដូវភ្ជុំបិណ្ឌ នៅគ្រប់វត្តអារាមនានា ទូទាំងព្រះរាជាណាចក្រ កម្ពុជា គេតែងឮសម្លេងសូត្រធម៌បរាភវសូត្រជានិច្ច ដែលធម៌ទាំងនេះ គឺជាការរំឭកដាស់តឿនដល់ពុទ្ធបរិស័ទទាំងឡាយ ឲ្យខិតខំវៀរចាកអបាយមុខទាំងពួង រួមមាន ស្រី ស្រា ល្បែង ភាពខ្ជិលច្រអូសធ្វើការនិងរៀនសូត្រ ការសេពគប់អសប្បុរស ការប្រកាន់ធម៌អគតិជាដើម ។ បុគ្គលដែលឈ្លាសវៃតែងត្រងត្រាប់ស្តាប់ធម៌នេះដោយយកចិត្តទុកដាក់ជាទីបំផុត។ ព្រោះ បើបុគ្គលណាដែលបានយល់ និងត្រាប់តាមការហាមឃាត់ នៃធម៌នេះហើយ បុគ្គលនោះតែងតែជួបនូវសេចក្តីសុខចម្រើន ជានិច្ច ។
ការសម្តែងធម្មទេសនា៖ ធម៌ទេសនារបស់ព្រះពុទ្ធសាសនា ជាធម៌ដែលនាំឲ្យមនុស្សគ្រប់រូប បានឈានដល់សេចក្តី ថ្កុំថ្កើង ចម្រើនរុងរឿងក្នុងជីវិត មិនថាជាតិនេះនិងជាតិក្រោយ ។ អាស្រ័យហេតុនេះហើយ បានជាព្រះសង្ឃលោកមាន តួនាទី ជាអ្នកអប់រំ រំឮកដាស់តឿនពុទ្ធបរិស័ទជានិច្ច តាមរយៈការសម្តែងធម្មទេសនា។ ក្នុងរដូវបុណ្យភ្ជុំដោយពុទ្ធបរិស័ទ ខ្មែរ ភាគច្រើន មានពេលទំនេរពីការងារស្រែចម្ការ ទើបបានជាពួកលោកមានឱកាស នឹងបានស្តាប់ធម្មទេសនា ស្ទើរតែ រៀងរាល់ថ្ងៃ នៃពិធីបុណ្យដ៏សំខាន់មួយនេះ ។ យុវជន កុមារា កុមារី និង ពុទ្ធបរិស័ទទាំងឡាយ គួរតែត្រងត្រាប់ស្តាប់ ព្រះធម៌ទាំងអស់នេះ ឲ្យបានច្រើនសម្រាប់ជាប្រយោជន៍ដល់ខ្លួនឯងផង និងដល់ប្រទេសជាតិផង ។
ប្រពៃណីលេងកម្សាន្តផ្សេងៗក្នុងរដូវភ្ជុំបិណ្ឌ៖ ក្រៅពីការធ្វើបុណ្យទាន ភ្ជុំបិណ្ឌបានក្លាយទៅជាពេលវេលា នៃកម្លោះ ក្រមុំ ញាតិមិត្តទាំងឡាយ បានជួបជុំគ្នាសប្បាយរីករាយ តាមរយៈ ការរាំកម្សាន្តតាមបែបប្រជាប្រិយខ្មែរ ការប្រណាំងគោ ក្របី សេះ ការបោកចម្បាប់ ការហូបចុកជុំគ្នាជាដើម ។ រដូវភ្ជុំបិណ្ឌអាចនិយាយបានម្យ៉ាងទៀតថា ជាពេលវេលានៃ ការផ្សព្វផ្សាយសម្លៀកបំពាក់ ម្ហូបអាហារនិងនំចំណីបែបប្រពៃណីខ្មែរទៀតផង ។
ចំណីអាហារដែលគេនិយមធ្វើក្នុងរដូវភ្ជុំបិណ្ឌ៖ ក្រៅពីបាយសម្ល ដូចជា បាយស បាយបិណ្ឌ សម្លកកូរ សម្លសម្លក់ សម្លប្រហើរ សម្លឆា ប្រហុកខ្ទិះ ទឹកគ្រឿង ត្រីងៀត ត្រីអាំង ត្រីឆ្អើរ ខ្មែរនៅមានរៀបចំនំចំណីនិងផ្លែឈើជាច្រើនទៀត ដូចជា នំអន្សម នំគម នំអាកោ នំកង នំក្រូច នំពងអន្សង នំកំពង នំផ្លែថ្នឹង នំលោកខែ ចេក មៀន ក្រូច...។
កិច្ចការដែលគួរធ្វើសម្រាប់ពុទ្ធបរិស័ទ៖ ដើម្បីឲ្យព្រះពុទ្ធសាសនាកាន់តែចម្រើនរុងរឿង ពុទ្ធបរិស័ទទាំងឡាយ គួរតែប្រតិបត្តិ ឲ្យបានខ្ជាប់ខ្ជួនតាមបទបញ្ញាតិនានា របស់ព្រះពុទ្ធអង្គដែលលោកបានចែង ។ លោកអ្នកគួរតែជម្រះ ឲ្យបានស្អាត នូវក្តីមន្ទិលសង្ស័យទាំងឡាយចេញពីក្នុងខ្លួនលោកអ្នក ។ របៀបរបបនៃពិធីបុណ្យភ្ជុំបិណ្ឌ ដ៏ថ្លៃថ្នូរ ទាំងឡាយរបស់ខ្មែរ យើងគួរតែរក្សាទុកឲ្យបានល្អ និងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងជួយផ្សព្វផ្សាយបន្ថែមទៀត ឲ្យបានកាន់តែទូលំទូលាយជាងនេះ។
រឿងរ៉ាវដែលទាក់ទងនឹងពិធីភ្ជុំបិណ្ឌ៖
- ល្ខោននិយាយ រឿងទឹកស្ងួតកន្ទួតមួយដើម៖ កាលពីទសវត្សរ៍ ឆ្នាំ៨០ និង៩០ វិទ្យុជាតិកម្ពុជាតែងតែបានចាក់ផ្សាយ មិនដែលអាក់ខានម្តងណាឡើយ អំពីរឿងរ៉ាវដែលទាក់ទងនឹងបុព្វហេតុ នៃពិធីបុណ្យភ្ជុំបិណ្ឌដ៏សំខាន់មួយនេះ រឿងមួយនោះ គឺ រឿងទឹកស្ងួតកន្ទួតមួយដើម ។ រឿងមួយនេះ បានទទួលការពេញនិយមជាច្រើន ពីសំណាក់មិត្ត អ្នកស្តាប់ ។ សង្ឃឹមថា វិទ្យុជាតិកម្ពុជានឹងបង្កើត ឲ្យមានកម្មវិធីនេះឡើងវិញ នាថ្ងៃណាមួយមិនខាន ។
- កំណាព្យ ទំនួញប្រេត ស្មូត្រដោយ លោក គុជ សុខា៖ នៅក្នុងសតវត្សរ៍ទី ២១នេះ ខ្មែរមានអ្នករក្សាទំនៀមទម្លាប់ និងជាអ្នកស្មូត្រកំណាព្យខ្មែរដ៏ល្បីម្នាក់នោះគឺ លោក គុជ សុខា ជាពិសេសកំណាព្យបទ ទំនួញប្រែត ។ រាល់រដូវ បុណ្យភ្ជុំម្តងៗ គេតែងស្តាប់ឮជានិច្ចនៅស្ទើរគ្រប់ផ្ទះ គ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជានូវ កំណាព្យទំនួញ ប្រែតរបស់លោក ។ វាជាការរំឭកដាស់តឿន ដល់អ្នកជំនាន់ក្រោយទាំងឡាយ ឲ្យវៀរចាកនូវធម៌វិនាសទាំងឡាយ និងប្រាប់កូនចៅឲ្យចេះដឹងគុណឪពុកម្តាយដែលនៅរស់ និង ត្រូវចេះធ្វើបុណ្យកុសលឧទ្ទិស ជូនដល់អ្នកដែល បានស្លាប់ ឲ្យបានរួចផុតពីកម្មពៀរវេរា ។ កំណាព្យនេះ ក៏ជាការប្រាប់ឲ្យដឹងផងដែរ ពីទុកវេទនារបស់ប្រេត នៅឋាន យមរាជ ។
សរុបសេចក្តីមក បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏សំខាន់ផុតមួយរបស់ខ្មែរ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ បានបង្ហាញ នូវអត្តសញ្ញាណ របស់ជាតិខ្មែរតាំងតែពីបុរាណកាលមក ។ ដើម្បីឲ្យពិធីបុណ្យមួយនេះ នៅតែមានប្រជាប្រិយភាព យូរអង្វែងទៅមុខទៀតនោះ ពុទ្ធបរស័ទរួមទាំងប្រជាជនខ្មែរទាំងមូលគួរតែធ្វើអ្វីៗ កុំឲ្យឃ្លាតឆាកពីប្រពៃណីខ្មែរ កុំឲ្យ ឃ្លាតចាកពីក្រមសីលធម៌ គុណធម៌ សុជីវធម៌ សុភាវធម៌និងមនុស្សធម៌។ ព្រះសង្ឃទាំងឡាយ គួរប្រតិបត្តិធម៌វិន័យ ឲ្យបានខ្ជាប់ខ្ជួនតាមពុទ្ធបញ្ញាតិ។ អ្នកមានធនធានទាំងឡាយ គួរតែចូលរួមក្នុងការបរិច្ចាគទានដល់ជនក្រីក្រ អ្នកកម្រត់ ទុគ៌ត អ្នកល្ងិតល្ងង់ដែលគ្នាកំពុងមានជីវិតរស់នៅ។ មហាជនទូទៅគួរតែប្រកាន់នូវ អាកប្បកិរិយា ស្លូតបូត សុភាព រាបសារចំពោះអ្នកដទៃ។ យុវវ័យ គួរលះបង់ចេញឲ្យអស់នូវសេចក្តីខ្ជិលច្រអូស អំពើហឹង្សា ការសេពគប់មិនល្អដែល ទាំងនេះជាឫសគល់នៃការសេចក្តីវិនាសទាំងពួង។ សម្រាប់ការស្លៀកពាក់ ការតុបតែង ក៏ដូចជាការៀបចំម្ហូបអាហារ ទៅវត្ត គួរតែរៀបចំបង្ហាញឲ្យបានឃើញ ពីអត្តសញ្ញាណខ្មែរជាដើម។ គ្រប់គ្នា គួរតែមានធម៌មេត្តានៅក្នុងខ្លួនឲ្យបានច្រើន។ បើទោះខ្លួនជាអ្នកក្រឬមានក៏ដោយ គឺគួរតែខិតខំសង្រួមកាយ វាចារ ចិត្ត រៀបចំការប្រព្រឹត្តរបស់ខ្លួនឲ្យបានសមសួនថ្លៃថ្នូរ និងគួរចេះចែករំលែកធនធាន ក្តីស្រលាញ់តាមលទ្ធភាពរៀងៗខ្លួន។ សម្រាប់អ្នកក្របើទោះណាជាខ្លួន ពុំមានទ្រព្យសម្បត្តិ ក៏ដោយ ឲ្យតែការប្រព្រឹត្តិរបស់ខ្លួនបានល្អ ក៏គង់នឹងមានតម្លៃដូចជាអ្នកមានទ្រព្យដូច្នោះដែ។ ធម៌កត្តញ្ញូរ ការតស៊ូព្យាយាម ក្នុងជីវិត ការចែករំលែកចំណេះដឹងក៏ជាទានដ៏ប្រសើរមួយដែរ ។
» ចុចលើទំព័របន្ទាប់ ដើម្បីអានអត្ថបទបន្ត