សឹង្ហបុរី និងវៀតណាម ធ្វើជាម្ចាស់ផ្ទះ ស្សូស៊ូគីខាប់ ២០១៤
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: April 04, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេហ៏ (ASEAN Football Federation) ឬហៅកាត់ថា អេអេហ្វអេហ្វ (AFF) បានប្រកាសជាផ្លូវការកាលពីថ្ងៃពុធ ម្សិលមិញថា ប្រទេសសឹង្ហបុរី និងប្រទេសវៀតណាម នឹងរួមសហការគ្នាធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតពានរង្វាន់ អេអេហ្វអេហ្វ ស្សូស៊ូគីខាប់ (AFF Suzuki Cup) ឆ្នាំ២០១៤ ខាងមុខ។
ការជួបប្រកួត អេអេហ្វអេហ្វ ស្សូស៊ូគីខាប់ នៅប្រទេសថៃក្នុងឆ្នាំ២០១២។
ការប្រកួតនៅឆ្នាំក្រោយ នឹងតម្រូវឲ្យក្រុមដែលនៅក្នុងតំបន់អាស៊ីអាគ្នេហ៏ទាំងអស់ មកធ្វើជាក្រុមភ្ញៀវ ដែលត្រូវប្រកួតក្នុងវគ្គចែកពូល។
ប្រទេសសឹង្ហបុរី ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះ ការប្រកួតក្នុងកម្មវិធីនេះ នៅឆ្នាំ១៩៩៦ និងឆ្នាំ២០០៧ នឹងត្រូវធ្វើជាម្ចាស់ផ្ទះម្តងទៀត នៅឆ្នាំក្រោយ ដែលនឹងត្រូវប្រកួតនៅកីឡាដ្ឋានថ្មី សិងហ្គាពួរ ស្ពតហុប (Singapore Sports Hub) ដែលកំពុងតែធ្វើការសាងសង់ជិតនឹងបញ្ចប់រួចរាល់ហើយនោះ។ កីឡាដ្ឋានថ្មីនេះ ស្ថិតនៅក្នុងទីក្រុង កាឡាំង (Kallang) ហើយអាចផ្ទុកទស្សនិកជនបាន ៦ម៉ឺននាក់។
ចំណែកនៅឯប្រទេសវៀតណាមវិញ ការប្រកួតនឹងធ្វើឡើងនៅក្នុងកីឡាដ្ឋានជាតិ ម៉ាយឌិញ (MyDinh Stadium) ក្នុងទីក្រុងហាណូយ ដែលជាកីឡាដ្ឋានធំជាងគេនៅប្រទេសវៀតណាម ហើយអាចផ្ទុកទស្សនិកជនបាន ៤០១៩២នាក់។
វៀតណាម ធ្លាប់ទទួលបានដំណែង ជើងឯករងម្តង នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះ ក្នុងកម្មវិធីនេះ កាលពីឆ្នាំ១៩៩៨ ដោយចាញ់ក្រុម សឹង្ហបុរី ១-០ ហើយប្រទេសនេះ ក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះរួមគ្នា ជាមួយនឹងប្រទេសដទៃទៀតដែរ កាលពីឆ្នាំ២០០៤ និងឆ្នាំ២០១០។
ក្រុមជម្រើសជាតិសឹង្ហបុរី ធ្លាប់ឈ្នះពានរង្វាន់ក្នុងតំបន់នេះ ចំនួន៤លើក ហើយលើកចុងក្រោយ នៅឆ្នាំ២០១២ ខណៈដែលក្រុមមួយនេះ យកឈ្នះក្រុមជម្រើសជាតិថៃ ទាំង២ជើង ដោយលទ្ធផល ៣-២។
គួរបញ្ជាក់ថា ការប្រកួតអេអេហ្វអេហ្វ ស្សូស៊ូគីខាប់ ឆ្នាំ២០១៤ នឹងបន្ថែមបេក្ខភាព មួយក្រុមទៀតមកចូលរួមដែរ គឺក្រុមជម្រើសជាតិអូស្ត្រាលី។ ដូច្នេះក្រុមដែលចូលរួមទាំងអស់មាន ១២ក្រុម។ ក្រុមទាំងនោះមានដូចជា ម្ចាស់ផ្ទះ សឹង្ហបុរី និងវៀតណាម។ ថៃ ម៉ាឡេ ឡាវ ភូមា ហ្វីលីភីន ឥណ្ឌូនេស៊ី ព្រុយណេ ទីមួរឡេស និងក្រុមជម្រើសជាតិកម្ពុជា៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ