ប្រធានាធិបតីបារាំងស្នើ ហ៊ុន សែន ឲ្យថែរក្សា«វប្បធម៌សន្ទនា»
ប្រធានធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ បានលើកឡើងពីសារៈសំខាន់ ដែលវប្បធម៌សន្ទនា ត្រូវបន្តធ្វើទៅទៀត នៅក្របខណ្ឌដើម្បីកាត់បន្ថយកំដៅនយោបាយ រវាងក្រុមអ្នកនយោបាយនានា បន្ទាប់ពីកិច្ចព្រមព្រៀងនយោបាយ កាលពីខែកក្កដា ឆ្នាំ២០១៤។ នេះជាអ្វីដែលគេអាចអានបាន នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយពីខុទកាល័យប្រធានាធិបតីបារាំង បន្ទាប់ពីជំនួប រវាងប្រមុខរដ្ឋបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។
សេចក្ដីប្រកាសព័ត៌មាននោះ បានសរសេរឲ្យដឹងទៀតថា លោកប្រធានាធិបតី ហ្វ្រង់ស៊័រ ហូឡង់ បានបង្ហាញពីបំណងរបស់ប្រទេសបារាំង ក្នុងការជួយកម្ពុជា ឲ្យដើរនៅលើផ្លូវ នៃការអភិវឌ្ឍន៍ និងលិទ្ធិប្រជាធិបតេយ្យ ដោយត្រូវគោរពសិទ្ធិមនុស្ស យ៉ាងខ្ជាប់ខ្ជួន។
កំដៅនយោបាយកម្ពុជា បានកើនឡើង នៅក្នុងរយៈពេលចុងក្រោយនេះ។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍របស់កម្ពុជា បានបង្ហាញសាច់ដុំរបស់ខ្លួន [...]
