
«សម រង្ស៊ី នឹងចូលស្រុកទោះត្រូវអស់ជីវិត ដើម្បី CNRP ឈ្នះឆ្នោតឆ្នាំ២០១៨»
រឿងថាលោក សម រង្ស៊ី ក្លាហាន ឬកំសាក ក្នុងការវិលត្រឡប់ចូលស្រុកខ្មែរវិញនោះ មិនសំខាន់សម្រាប់គណបក្សសង្គ្រោះជាតិទេ។ នេះ ជាការលើកឡើង របស់អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដើម្បីប្រតិកម្មទៅនឹងការចំអក របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជានកម្ពុជា ដែលបានហៅអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីម្សិលម៉ិញថាជាអ្នកក្លាហាន ក្នុងការវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីឲ្យអាជ្ញាធរចាប់ដាក់ក្នុងពន្ធនាគារ។
ផ្ទុយទៅវិញ លោក អេង ឆៃអ៊ាង បានសរសេរនៅមុននេះបន្តិច លើបណ្ដាញសង្គមថា៖ «រឿងដែលសំខាន់ បើលោកប្រធាន សម រង្សុី ចូលមក នាំឲ្យគណបក្សសង្គ្រោះជាតិ ទទួលជោគជ័យក្នុងការបោះឆ្នោត ឆ្នាំ២០១៨ នោះលោកប្រធាន ដាច់ខាតត្រូវតែចូលទោះជាប់គុក ឬបាត់បង់ជីវិតក៏ដោយ ។»។
កាលពីថ្ងៃទី១៥ ខែមិថុនាម្សិលម៉ិញ លោក ហ៊ុន សែន បានហៅលោក សម រង្ស៊ី ជា«អ្នកក្លាហាន» [...]