រដ្ឋមន្ត្រីសេដ្ឋកិច្ចរ៉ុស្ស៊ីត្រូវបានចាប់ខ្លួន ពីបទ«ជំរិតទារសំណូក»
សំនុំរឿងពុករលួយដ៏ធំមួយ ដែលមានជាប់ពាក់ព័ន្ធ នឹងរដ្ឋមន្ត្រីសេដ្ឋកិច្ច របស់ប្រទេសរ៉ុស្ស៊ី កំពុងត្រូវបានគាស់កកាយ ធ្វើឲ្យរញ្ជួលអស់ទាំងផ្ទៃប្រទេស។
គណៈកម្មការស៊ើបអង្កេត របស់រដ្ឋាភិបាលសហព័ន្ធ នៃប្រទេសរ៉ុស្ស៊ី បានប្រកាសកាលពីថ្ងៃអង្គារ ថាលោក អាឡិចស៊ៃ អ៊ូលៀខាអ៊ីវ (Alexeï Oulioukaïev) រដ្ឋមន្ត្រីក្នុងតំណែង នៃក្រសួងសេដ្ឋកិច្ចរ៉ុស្ស៊ី ត្រូវបានអាជ្ញាធរឃាត់ខ្លួន ក្នុងបទជាប់សង្ស័យ ទទួលសំណូកកាលពីយប់ថ្ងៃចន្ទ ចូលមកថ្ងៃអង្គារ ប្រមាណជា ២លានដុល្លារអាមេរិក ទាក់ទងនឹងប្រយោជន៍ទីផ្សារប្រេងដ៏ធំ របស់ប្រទេសមហាអំណាចមួយនេះ ដែលលោករដ្ឋមន្ត្រីទំនងជា បានយល់ព្រម ប្រគល់ទៅឲ្យក្រុមហ៊ុនប្រេងឥន្ទនៈ ចម្រុះរដ្ឋ-ឯកជន (Rosneft) ដ៏ធំមួយ ឈ្មោះ «Bachneft»។
សេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មការស៊ើបអង្កេត បានបញ្ជាក់ថា ការឃាត់ខ្លួននោះ ត្រូវបានដឹកនាំធ្វើ ដោយនាយកដ្ឋានសន្តិសុខសហព័ន្ធ ដែលហៅកាត់ថា «FSB»។ [...]



