
«លែងមានសង្គ្រាម នៅលើឧបទ្វីបកូរ៉េទៀតហើយ»
មេដឹកនាំ នៃប្រទេសកូរ៉េគូសត្រូវទាំងពីរ បានចាប់ដៃគ្នា នៅរសៀលថ្ងៃសុក្រនេះ បន្ទាប់ពីបានចុះហត្ថលេខា នៅលើសេចក្ដីថ្លែងការណ៍រួមមួយ ដែលអះអាងថា «នឹងលែងមានសង្គ្រាម នៅលើឧបទ្វីបកូរ៉េទៀតហើយ»។
វាជាការជួបគ្នាដំបូង និងមានលក្ខណៈ ជាប្រវត្តិសាស្ត្រ រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេ-អ៊ីន (Moon Jae-in) និងអគ្គមគ្គុទេសកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong-un) បន្ទាប់ពីជំនួបលើកមុនៗ តាំងពីច្រើនជាង ១១ឆ្នាំកន្លងទៅ។ លោក គីម បានក្លាយជាមេដឹកនាំកូរ៉េកុម្មុយនីស្ដិ៍ លើកដំបូងគេ ដែលបានឈានជើង ជាន់លើដីរបស់កូរ៉េខាងត្បូង រាប់តាំងពីសង្គ្រាមកូរ៉េ ត្រូវបានផ្អាក ដោយបទឈប់បាញ់មួយ កាលពី៦៥ឆ្នាំមុន។
សេចក្ដីថ្លែងការណ៍រួម បានសរសេរឡើងថា ប្រទេសកូរ៉េទាំងពីរ នឹងធ្វើការរួមគ្នា ដើម្បីបញ្ចៀសឲ្យបាន ពី«ភាពច្រំដែល នៃអតីតកាលដ៏ជូរចត់ ដែលបានកើតឡើង បន្ទាប់ពីមានកិច្ចព្រមព្រៀងអន្តរកូរ៉េ ក្នុងពេលមុនៗ។ [...]