ប្រធានាធិបតីទួរគី សន្យាធ្វើយុទ្ធនាការ«ចម្រាញ់» ក្នុងជួរទ័ព
ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយ ដែលមិនបានសម្រេច បង្កឡើងដោយកងទ័ពមួយក្រុម ប្រឆាំងនឹងរដ្ឋាភិបាល របស់លោកប្រធានាធិបតី «Recep Tayyip Erdogan»។ ប៉ុន្តែការប៉ុនប៉ងនេះ បានជួបនឹងភាពបរាជ័យ បន្ទាប់ពីលោកប្រធានាធិបតី បានសម្រេចបាន នូវការប្រកាសហៅពលរដ្ឋអ្នកគាំទ្ររបស់លោក ឲ្យចេញដើរតាមដងផ្លូវ បានយ៉ាងច្រើនសិបពាន់នាក់ ទាំងនៅរដ្ឋធានី អង់ការ៉ា (Ankara) ទាំងនៅក្រុង អ៊ីស្ដង់ប៊ូល (Istanbul)។
ខណៈពេលដែលក្រុមយោធា កំពុងដកថយ នៅចំពោះការងើបឡើង របស់ពលរដ្ឋនោះ លោក «Recep Tayyip Erdogan» បានត្រឡប់ពីវិសមកាលរបស់លោក ដោយជិះយន្ដហោះមកកាន់ក្រុង អ៊ីស្ដង់ប៊ូល នៅវេលាម៉ោងប្រមាណជា៣ភ្លឺ ព្រឹកថ្ងៃសៅរ៍ ម៉ោងក្នុងស្រុក (ត្រូវជាម៉ោង២ ម៉ោងនៅបារាំង និងត្រូវជាម៉ោង៧ ម៉ោងនៅកម្ពុជា) ខណៈពេលដែលព្រលានយន្ដហោះ ត្រូវបានកងទ័ពបិទ កាលពីប៉ុន្មានម៉ោងមុន។