មតិនានាជុំវិញការលាឈប់ ពីសមាជិក CPP របស់ ជា ចំរើន
មនុស្សម្នាសឹងតែគ្រប់រូប សុទ្ធតែបានដឹង និងបានឮ ហើយក៏បានថ្លែងថា មន្រ្តីគ្រាក់ៗជាច្រើន ក្នុងគណបក្សប្រជាជនកម្ពុជា បើទោះខ្លួន«គ្មាន» សមត្ថភាព ឬដល់ពេលចូលនិវត្តន៍ក៏ដោយ ក៏នៅតែក្រាញននៀល អតំឡើងអាយុ ដើម្បីបានបន្តធ្វើការ សម្រាប់ឲ្យមានថានៈបុណ្យស័ក្ដិដែរ។ មានអ្នកខ្លះ ធ្វើការរហូតដល់លាលោក មិនព្រមលាលែង ឬឈប់ពីតំណែងនោះឡើយ។
តែផ្ទុយទៅវិញ លោក ជា ចំរើន ដែលគេស្គាល់ថា ជាសមាជិកជាន់ខ្ពស់មួយរូប ពីគណៈកម្មការកណ្ដាល និងជាអតីតតំណាងរាស្ត្រ (អាណត្តិមុន) នៃគណបក្សប្រជាជនកម្ពុជា បែរជាដាក់លិខិតសុំលាឈប់ ឬដកខ្លួនចេញ ពីគណបក្សដ៏មានអំណាចមួយនេះទៅវិញ។ តើការលាឈប់នេះ មានអាថ៌កំបាំងអ្វី? ឬមានការប៉ែងជើងគ្នា នៃតំណែងក្នុងជួររដ្ឋាភិបាល?
នៅលើទំព័រហ្វេសប៊ុករបស់លោក ដែលមនុស្សតាមដានជាច្រើននោះ លោក ជា ចំរើន ដែលជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យចំរើន ពហុបច្ចេកវិទ្យា បានបង្ហោះលិខិតលាឈប់របស់លោក [...]