មាជ សុវណ្ណារ៉ា៖ «ការលះបង់របស់ប៉ាទោះស្លាប់ឬរស់ មិនសំខាន់ទេ»
គុកដាក់បានតែរូបកាយប៉ុណ្ណោះ! តែទំនួញស្រែកយំយែក លាយឡំនឹងការជូនពរ ក្នុងថ្ងៃទិវាលោកឪពុក (Father's Day) របស់កូនស្រីទាំងបីនាក់ បានហោះរំលងជញ្ជាំងគុក និងពិតជាបានឮ ទៅដល់លោក មាជ សុវណ្ណារ៉ា សកម្មជនគណបក្សសង្គ្រោះជាតិ ដែលបានជាប់ក្នុងពន្ធនាគារព្រៃស តាំងពីច្រើនឆ្នាំមកហើយ។
កូនស្រីទាំងបីនាក់ ជាពិសេសយុវតី មាជ សុជាតា ជាកូនច្បង បានថ្លែងពាក្យជូនពរ និងការនឹករលឹកឪពុករបស់ពួកនាង កាលពីម្សិលម៉ិញ នៅក្នុងវីដេអូផ្សាយផ្ទាល់មួយ ដែលមានចែករំលែករាប់ពាន់នាក់ នៅលើបណ្ដាញសង្គម។
ជាមួយនឹងភាពរលីងរលោងទឹកភ្នែកផង សុជាតា ដែលទើបនឹងពេញវ័យ ដ៏ស្រស់សោភា បានថ្លែងថា៖ «រាល់ឆ្នាំឃើញគេធ្វើពិធី ទិវាលោកឪពុក ទាំងអស់គ្នាជាមួយឪពុកគេ តែយើងឯណេះអត់ឪពុកបីឆ្នាំហើយ វាសោកសង្រេងណាស់។ ប៉ុន្តែចង់ឲ្យប៉ាដឹងថា អរគុណប៉ាដែលបង្កើតកូន ហើយនាំកូនមករៀននៅស្រុកអាមេរិក ឲ្យចំណេះកូន ចិញ្ចឹមកូនដល់ធំ ហើយនឹងស្អាត។ ប៉ាដឹងថា [...]