ល្ងាចនេះ ណីម៉ា នឹងចូលទាត់ក្នុងវគ្គទី២ នៃការប្រកួតប្រេស៊ីល-ក្រូអាស៊ី
បន្ទាប់ពីបានឃ្លាតឆ្ងាយ ពីការប្រកួតចាប់ពីចុងខែកុម្ភៈមកនោះ កីឡាករ ណីម៉ា (Neymar) កំពូលខ្សែប្រយុទ្ធជាតិប្រេស៊ីល នឹងវិលចូលមកក្នុងការប្រកួតវិញ នៅថ្ងៃនេះ។ វាជាការប្រកួត រវាងក្រុមជម្រើសជាតិប្រេស៊ីល និងក្រូអាស៊ី ដែលមានលក្ខណៈជាមិត្តភាព និងជាការប្រកួតត្រៀម សម្រាប់ព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក ឆ្នាំ២០១៨។
ប៉ុន្តែកីឡាករ នឹងមិនចាប់ផ្ដើម ពីនាទីដំបូងនោះទេ។ លោក ទីតេ (Tite) គ្រូក្រុមជម្រើសជាតិ ប្រេស៊ីល បានថ្លែងឲ្យដឹង ក្នុងសន្និសីទកាសែត នៅថ្ងៃសៅរ៍ម្សិលម៉ិញ ថាកីឡាករ ណីម៉ា នឹងចូលទាត់ នៅក្នុងពាក់កណ្ដាលម៉ោងទី២ នៃការប្រកួត។
គ្រូដឹកនាំក្រុមប្រេស៊ីលរូបនេះ បានថ្លែងថា៖ «ណីម៉ា នឹងចាប់ផ្ដើមដំបូង ដោយអង្គុយនៅលើកៅអី ជាកីឡាករជំនួសសិន ដោយហេតុថា កីឡាករកំពុងស្ថិតក្នុងរយៈពេល នៃការចូលមកទាត់ឡើងវិញ។ កីឡាករនឹងចូលទាត់ នៅវគ្គទីពីរនៃការប្រកួត ព្រោះវាជាការសាកល្បងមួយ សម្រាប់ក្រុមទាំងមូល។»។
[...]