បាញ់ចូលស្នាក់ការបក្សសង្គ្រោះជាតិ៖ នគរបាលក្រុងថាមិនឃើញមានបណ្ដឹងមកខ្លួន
ភ្នំពេញ៖ ព្រឹត្តិការណ៍បាញ់បោះ ចូលទីស្នាក់ការកណ្ដាលនៃគណបក្សសង្គ្រោះជាតិ កណ្ដាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ខែកក្កដា រហូតមកដល់ថ្ងៃនេះ មិនទាន់ត្រូវបានបង្ហាញពីពន្លឺនៃការស៊ើបអង្កេត ថាយ៉ាងណានោះនៅឡើយ។ តែផ្ទុយទៅវិញ បើសូម្បីតែពាក្យបណ្ដឹងដែលគណបក្សសង្គ្រោះជាតិ ដាក់ប្ដឹងទៅកាន់អាជ្ញាធរនោះ ក៏មិនមានភាពច្បាស់លាស់ដែរ។
ស្នាមទម្រុះកញ្ចក់ ដោយគ្រាប់កាំភ្លើង នៅជាប់នឹងទ្វាចូលរបស់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ (រូបថតផ្ដិតពីអេក្រង់វីដេអូ RFA)
លោក យ៉ែម ប៉ុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បាននិយាយថា ចាប់តាំងពីមានការបាញ់ចូលស្នាក់ការគណបក្សក្នុងខ័ណ្ឌទួលគោកមក គណបក្សបានដាក់ពាក្យបណ្តឹង ទៅប៉ុស្តិ៍នគរបាលសង្កាត់បឹងកក់ពីរ ទៅស្នងការនគរបាលរាជធានី និងទៅក្រសួងមហាផ្ធៃ តែមកទល់នឹងពេលនេះ [...]