ទ្រង់ រណឫទ្ធិ ព្រមានអ្នកស៊ីបាយបោកឆ្នាំង នៅក្នុងហ៊្វុនស៊ិនប៉ិច
«កុំទទួលទានបាយហើយ បោកឆ្នាំងចោល»។ នេះជាសុភាសិកចាស់បូរាណមួយឃ្លា ដែលព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច លើកយកមកមានបន្ទូល ប្រាប់ក្រុមអ្នកកាសែត នាព្រឹកថ្ងៃទី៣០ ខែមករានេះ បន្ទាប់ពីចប់កម្មវិធី ជួបប្រជុំពិភាក្សា ការងារ ជាមួយថ្នាក់ដឹកនាំគណបក្ស ប្រចាំរាជធានី ភ្នំពេញ និងសកម្មជនមូលដ្ឋាន នាភោជនីយដ្ឋានទន្លេបាសាក់២ ខណ្ឌចំការមន។
ព្រះអង្គម្ចាស់ បានថ្លែងព្រមាន ជន«ស៊ីបាយរួចបោកឆ្នាំងចោល» នោះទៀតថា បើអ្នកណាហ៊ានធ្វើអ្វីខុស ពីគោលការណ៍របស់គណបក្ស នោះព្រះអង្គដែលជាប្រធានគណបក្ស នឹងចាត់វិធានការតាមផ្លូវច្បាប់។ ព្រះរាជបុត្រ របស់អតីតព្រះមហាវីរក្សត្រ នរោត្ដម សីហនុ អង្គនេះ បានមានបន្ទូលថា៖ «ប្រាប់អោយច្បាស់។ លក្ខន្តិកៈរបស់គណបក្ស បើខ្ញុំនៅតែធ្វើជាប្រធានបក្ស ខ្ញុំនឹងចាត់វិធានការ លើមន្រ្តីណាដែលអនុវត្តន៍ ផ្ទុយពីច្បាប់បក្ស។ បើអ្នកណាធ្វើ សូមឲ្យទទួលខុសត្រូវ [...]