អាមេរិកប្រតិកម្មករណីយន្ដហោះប្រដេញរ៉ូស្ស៊ី ស្ទាក់ចាប់យន្ដហោះឈ្លបការណ៍របស់ខ្លួន
ការបះទង្គិចសារជាថ្មីទៀត បានកើតឡើងរវាងសហរដ្ឋអាមេរិក និងប្រទេសរ៉ូស្ស៊ី នៅថ្ងៃព្រហស្បត្តិ៍កន្លងមក។ នេះ ជាការអះអាងកាលពីថ្ងៃសៅរ៍ របស់អ្នកស្រី ឡ័រ៉ា សៀល (Laura Seal) អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន (Pentagone = ក្រសួងការពារជាតិអាមេរិក)។ យន្ដហោះយោធាឈ្លបការណ៍មួយគ្រឿង របស់កងទ័ពអាមេរិក ត្រូវបានស្ទាក់ចាប់ ដោយយន្ដហោះប្រដេញ របស់កងទ័ពរ៉ូស្ស៊ី។ សកម្មភាពនេះ ត្រូវបានធ្វើឡើង ដោយមិនបានគិតពីសុវត្ថិភាព និងដោយគ្មានសីលធម៌វិជ្ជាជីវៈ។
អ្នកស្រី ឡ័រ៉ា សៀល បានថ្លែងឲ្យដឹងថា៖ «យន្ដហោះយោធាអាមេរិក បានហោះហើរ នៅក្នុងលំហអាកាសអន្តជាតិ និងមិនបានចូលទៅក្នុងទឹកដីរ៉ូស្ស៊ី សូម្បីបន្តិចឡើយ»។
យន្ដហោះឈ្លបការណ៍អាមេរិកនោះ ជាប្រភេទ «Boeing RC-135» ខណៈយន្ដហោះប្រដេញរ៉ូស្ស៊ី ជាប្រភេទ «Soukhoï Su-27»។
ការប៉ះទង្គិចនេះ បានកើតឡើងជាលើកទីពីរ នៅក្នុងអំឡុងពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ [...]



