ពេជ្រ ស្រស់ ចាប់អារម្មណ៍នឹងការផ្ដល់តំណែងពី ហ៊ុន សែន
ប្រញាប់ឡើង ព្រោះកន្លែងមានកំណត់! តែមិនអាចលឿន ជាងប្រធានគណបក្សយុវជនកម្ពុជាទេ។ ដោយហេតុថា លោក ពេជ្រ ស្រស់ បានឆ្លើយតបភ្លាមៗ កាលពីព្រឹកម៉ិញ ទៅនឹងការបើកភ្លើងខៀវ របស់លោក ហ៊ុន សែន ដែលអនុញ្ញាតឲ្យក្រុមថ្នាក់ដឹកនាំ គណបក្សដែលមិនជាប់ឆ្នោត មានតំណែងនៅក្នុងរដ្ឋាភិបាល អាណត្តិថ្មី ដែលបុរសខ្លាំងកម្ពុជា ត្រៀមនឹងបង្កើត ក្នុងពេលខាងមុខ។
ចំណាប់អារម្មណ៍ របស់លោក ពេជ្រ ស្រស់ ធ្វើឡើង តែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីលោក ហ៊ុន សែន បានអះអាងថា លោកនឹងបង្កើតវេទិកា ពិគ្រោះយោបល់ ជាមួយគណបក្សនយោបាយ ដែលមិនជាប់ឆ្នោត ហើយនឹងផ្ដល់ឱកាស ឲ្យតំណែងទៅមេដឹកនាំគណបក្សទាំងនោះ ឲ្យមានតំណែងរហូតដល់រដ្ឋលេខាធិការ នៅក្នុងរដ្ឋាភិបាល។
ប្រធានគណបក្សយុវជនកម្ពុជា ដ៏ល្បីល្បាញ បានអះអាងនៅលើបណ្ដាញសង្គមថា៖ «បើតាមគំនិតរបស់ខ្ញុំ ពេជ្រ ស្រស់ ផ្ទាល់ គឺជាចំណុចគួរឲ្យចាប់អារម្មណ៍ ដោយហេតុថា ជារបត់នយោបាយថ្មីមួយ សំរាប់ប្រទេសកម្ពុជា [...]