មួយឆ្នាំក្រោយនៃព្រឹត្តិការណ៍ វ៉េងស្រេង៖ ឯណាទៅ«យុត្តិធម៌»?
មកទល់នឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥ នេះ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមិនទាន់បានប្រកាស ពីលទ្ធផលនៃការស៊ើបអង្កេត ពីការបាញ់ប្រហារ មកលើហ្វូងកម្មករ ដែលបានកើតឡើងកាលពីមួយឆ្នាំមុន បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសនៅឡើយ។ ព្រឹត្តិការណ៍បាញ់ប្រហារ ដោយកម្លាំងចម្រុះរបស់អាជ្ញាធរ នៅតាមដងវិថី វ៉េងស្រេង នោះ បានប្រើប្រាស់នូវអាវុធគ្រាប់«ពិត» បាញ់បង្ក្រាបលើហ្វូងកម្មករ ដែលបានធ្វើកូដកម្ម ទាមទារដំឡើង«ប្រាក់»ឈ្នួលអប្បបរមា រហូតបណ្តាលឲ្យមានស្លាប់ប្រមាណជា៥នាក់ និងមានរបួស ព្រមទាំងបាត់ខ្លួនជាច្រើននាក់។
ហេតុការណ៍ដ៏អាក្រក់បានកើតឡើង នៅថ្ងៃ៣ ខែមករា ឆ្នាំ២០១៤ កន្លងផុតមួយឆ្នាំទៅហើយ តែវាហាក់ដូចជានៅថ្មីៗ និងនៅនឹងភ្នែកស្រស់ៗនៅឡើយ សម្រាប់ក្រុមកម្មករ ក្រុមសហជីព និងអង្គការសង្គមស៊ីវិលផ្សេងទៀត [...]