យន្ដហោះ«EgyptAir» ហោះពីប៉ារីសទៅគែរ ធ្លាក់ក្នុងសមុទ្រមេឌីទែរ៉ាណេ
យន្ដហោះធុន អ៊ែរប៊ូស (AirBus) របស់ក្រុមហ៊ុនអាកាសចរណ៍ «Egyptair» បានហោះចេញពីព្រលានយន្ដហោះ «Roissy-Charles de Gaulle» នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង នៅវេលាម៉ោង២៣ និង០៩នាទី ជាមួយនឹងអ្នកដំណើរ៥៦នាក់ និងបុគ្គលិកបម្រីការ១០នាកទៀត។ នៅក្នុងចំណោមនោះ មាន១៥នាក់ ជាជនជាតិបារាំង។
បើតាមក្រុមហ៊ុនអាកាសចរណ៍ខ្លួនឯង បានបញ្ជាក់ថា យន្ដហោះដែលមានលេខហោះហើរ «MS804» ត្រូវបានប្រព័ន្ធត្រួតពិនិត្យផ្លូវអាកាស ចាប់ដានបាន នៅចុងក្រោយគេបង្អស់ គឺភ្លាមៗនៅបន្ទាប់ពីយន្ដហោះ បានហោះចូលក្នុងដែនអាកាស របស់ប្រទេសអេហ្សីព។

ប្រភពផ្លូវការ របស់ប្រទេសអេហ្សីព បានបញ្ជាក់ថា យន្ដហោះប្រាកដជាបានធ្លាក់ចូលសមុទ្រ ហើយការរុករក បានចាប់ផ្ដើមហើយ ជាមួយការចូលរួម ពីកងកម្លាំងឆ្មាំសមុទ្រ របស់ប្រទេសក្រិច៕



