រាជទាយាទថៃ បង្កភាពអាម៉ាស់ដល់រាជាណាចក្រ
នៅក្នុងប្រទេសមួយ ដែលមិនដែលលេងសើច សូម្បីបន្តិច ជាមួយនឹងការគោរព ដល់ព្រះមហាក្សត្រខ្លួននោះ រូបថតនៃរាជទាយាទ (ឬព្រះអង្គម្ចាស់ស្នងរាជ្យ) របស់រាជាណាចក្រថៃ ដែលត្រូវបានថត និងផ្សាយព្រោងព្រាត នៅក្នុងប្រទេសអាល្លឺម៉ង់ អាចនឹងបិតបញ្ចប់ជាស្ថាពរ ការឡើងស្នងរាជ្យសម្បត្តិ របស់ព្រះអង្គម្ចាស់អង្គនេះ បន្តពីព្រះរាជាសព្វថ្ងៃ ដែលជាបិតារបស់ព្រះអង្គ។
រូបថតនេះ បង្ហាញពីការយាងចុះ របស់ព្រះអង្គម្ចាស់ ម៉ាហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) ពីយន្ដហោះនៅព្រលានយន្ដហោះក្រុង ម៉ូនិក (Munich) ភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់ ដោយមានក្រាលទ្រនាប់ព្រះបាត ដោយកម្រាលព្រំ និងហែហមដោយមន្ត្រីអ្នកមុខអ្នកការ កងអង្គរក្ស ពាក់ដោយឯកសណ្ឋានរបស់ជាតិ ជាច្រើននាក់។