
អាមេរិកផ្អាកការផ្ដល់ទិដ្ឋការ សម្រាប់មន្ត្រីការបរទេសខ្មែរ
សេចក្ដីប្រកាសព័ត៌មានមួយ របស់ស្ថានទូតអាមេរិក ដែលទើបនឹងចេញផ្សាយនៅមុននេះ បានរៀបរាប់ឲ្យដឹងថា ចាប់ពីថ្ងៃទី១៣ ខែកញ្ញានេះ ស្ថានទូតនៃប្រទេសមហាអំណាចមួយនេះ «នឹងផ្អាកលែងចេញទិដ្ឋាការ ប្រភេទ B1 ប្រភេទ B2 និងប្រភេទ B1/B2 (ដែលសុទ្ធសឹងជាប្រភេទ មិនមែនអន្តោរប្រវេសន៍) ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជា ដែលមានតួនាទី ចាប់ពីថ្នាក់អគ្គនាយក រហូតដល់ថ្នាក់ដឹកនាំកំពូល នៃក្រសួងនេះ និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយមានករណីលើកលែង តិចតួចប៉ុណ្ណោះ»។
សេចក្ដីប្រកាសព័ត៌មាននោះ បានបញ្ជាក់ពីមូលហេតុ នៃការផ្អាកលែងផ្ដល់ទិដ្ឋការខាងលើថា ច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិសហរដ្ឋអាមេរិក នៅត្រង់មាត្រា ២៤៣ (D) បានបញ្ជាឲ្យរដ្ឋមន្រ្តីការបរទេសអាមេរិក ត្រូវកំណត់ឲ្យមន្ត្រីកុងស៊ុល បញ្ឈប់លែងផ្តល់ទិដ្ឋាការទាំងនេះ បន្ទាប់ពីទទួលបានសំណើ [...]