
ទេ លោកមេទ័ព! ក្នុងប្រទេសអ៊ីរ៉ាក់ គ្មាន«បដិវត្តន៍ពណ៌»ទេ!
ថ្លែងក្នុងពិធីត្រួតពិនិត្យកម្លាំង និងមធ្យោបាយគ្រឿងបំពាក់ សម្ភារៈរបស់កងពលតូចថ្មើរជើងលេខ៧០ កាលពីម្សិលម៉ិញ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន បានប្រកាសឲ្យកងទ័ព ត្រូវប្រឆាំងដាច់ខាត នូវ«បដិវត្តន៍ពណ៌» មិនឱ្យកើតមាន នៅលើទឹកដីកម្ពុជានោះឡើយ។ នៅក្នុងការថ្លែងដដែលនោះ លោកមេទ័ពថែមទាំងបានពន្យល់ថា បដិវត្តន៏ពណ៌ បានបំផ្លាញប្រទេសជាច្រើន ដែលកំពុងទទួលរង នូវមហន្តរាយ ដូចជា ប្រទេសអ៊ីរ៉ាក់ ស៊ីរី និងប្រទេសជាច្រើនទៀត។
តែការសិក្សាពីប្រវត្តិសាស្ត្រ ទាក់ទងនឹងការធ្វើបដិវត្តន៍ពណ៌ មិនបង្ហាញដូចការលើកឡើង របស់លោក ប៉ុល សារឿន នោះទេ។
អ្វីទៅបដិវត្តន៍ពណ៌?
«បដិវត្តន៍»ណាក៏ដោយ សុទ្ធតែមានលក្ខណៈជាការងើបឈរឡើង ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេសនោះ ដើម្បីផ្ដួលរំលំមេដឹកនាំផ្ដាច់ការ កាន់អំណាចដុះស្លែ ដែលយកប្រទេសជាតិ [...]