ពលរដ្ឋមកពីខេត្តព្រះវិហារ ស្រែកតវ៉ាទ្រហឹងជិតត្រជៀក ហ៊ុន សែន
ការជួបជុំរបស់ប្រជាពលរដ្ឋ ជាបាតុករដែលមានជម្លោះដីធ្លី ក្នុងខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១៩ ខែតុលានេះ ត្រូវបានរារាំងដោយកងកម្លាំងអាជ្ញាធរជាច្រើននាក់ ក្នុងបំណងទប់មិនឲ្យក្រុមពលរដ្ឋសម្រុកចូល ទៅជិតបរិវេណផ្ទះលោក ហ៊ុន សែន។ ប៉ុន្តែនៅពេលកំដៅថ្ងៃ កាន់តែក្តៅឡើងខ្លាំង ការអត់ធ្មត់ទំនងជាបានស្រុតចុះ ធ្វើឲ្យការប៉ះទង្គិចមួយបានកើតឡើង រវាងពលរដ្ឋ នឹងកងកម្លាំងអាជ្ញាធរទាំងនោះ បណ្តាយឲ្យពលរដ្ឋជាង ១០នាក់រងរបួស។
ហេតុការណ៍បានកើតឡើងនៅលើ មហាវិថីព្រះសុរាម្រិត ត្រង់ចំណុចនាគបាញ់ទឹក។ បាតុករបានស្រែកខ្លាំងៗ តាមឧឃ្ឃោសនស័ព្ទ តម្រង់ត្រង់ទៅផ្ទះនាយករដ្ឋមន្ត្រី ទំនងជាចង់ឲ្យ លោក ហ៊ុន សែន បានលឺថា ពួកខ្លួនជាពលរដ្ឋដែលមានបញ្ហាដីធ្លី មកពីខេត្តព្រះវិហារ ហើយមកតវ៉ានៅទីនេះ មិនមានពាក់ព័ន្ធនឹងនយោបាយទេ [...]