AirAsia៖ រកឃើញប្រអប់ខ្មៅរបស់យន្ដហោះ ដោយក្រុមអ្នកជ្រមុជទឹក
ក្រុមអ្នកជំនាញខាងជ្រមុជទឹក បានរកឃើញប្រអប់ខ្មៅរបស់យន្ដហោះអ៊ែរប៊ូស ដែលភ្ជាប់ជើងហោះហើរ QZ8501 របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេសៀ ហើយបានធ្លាក់នៅកណ្ដាលសមុទ្រ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ ជាមួយនឹងមនុស្សជិះ១៦២នាក់ នោះហើយ។ នេះបើតាមការអះអាង របស់អ្នកទទួលខុសត្រូវមួយរូប នៃក្រសួងគមនាគមន៍ឥណ្ឌូនេស៊ី។ ប៉ុន្តែគេនៅមិនទាន់អាចយកវា ឡើងមកលើបាននៅឡើយ ដោយសារតែវាជាប់គាំង នៅក្រោមបំណែកធំៗរបស់យន្ដហោះ។
ប្រអប់ខ្មៅ ដែលតាមការពិតមានពណ៌ទឹកក្រូចនោះ ជាឧបករណ៍ថតទុកនូវគ្រប់ព្រឹត្តិការណ៍ទាំងអស់ មានរួមទាំងការជជែកគ្នារវាងអ្នកបើកបរយន្ដហោះ ការជួបហេតុភេទអ្វីមួយ និងលក្ខណៈនៃការបើកបរយន្ដហោះចុងក្រោយ នៅក្នុងជើងហោះហើរនីមួយ។ នៅពេលដែលយន្ដហោះជួបប្រទះនឹងគ្រោះថ្នាក់ [...]