ចន ឃេរី៖ យន្ដហោះប្រដេញរ៉ូស្ស៊ី គួរត្រូវ«បាញ់ទម្លាក់»
បើយោងតាមច្បាប់ដែលនៅជាធរមាន សហរដ្ឋអាមេរិកគួរតែបាញ់ទម្លាក់យន្ដហោះប្រដេញទាំងនោះ របស់ប្រទេសរ៉ូស្ស៊ី ដែលបានបង្ហោះជាច្រើនដង រំលងពីលើនាវាល្បាត ខាងចម្បាំងលើទឹក របស់កងទ័ពអាមេរិក នៅក្នុងដែនទឹកអន្តរជាតិ នៃសមុទ្របាល់ទិក។ នេះជាការថ្លែងអះអាង របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃេរី (John Kerry) កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ។
ហេតុការណ៍ខាងលើ បានកើតឡើងចាប់តាំងពីថ្ងៃចន្ទ បន្ទាប់ពីនាវាចម្បាំងអាមេរិក បានបង្ហាញវត្តមាន នៅចម្ងាយប្រមាណជា ១៣០គីឡូម៉ែត្រ ពីមូលដ្ឋានយោធា កាលីនីហ្គ្រាត (Kaliningrad) ដែលស្ថិតក្នុងខេត្តដាច់ដោយឡែកមួយ របស់ប្រទេសរ៉ូស្ស៊ី (នៅភាគខាងលិចបំផុត)។ ខេត្តនេះ មានទីតាំងស្ថិតនៅចន្លោះ រវាងសមុទ្របាល់ទិក ប្រទេសប៉ូឡូញ និងប្រទេសលីតួអានី តែមិនជាប់ជាមួយនឹងទឹកដី រ៉ូស្ស៊ី ធំនោះទេ។
យន្ដហោះប្រដេញ ធុន «Su-24» របស់ប្រទេសរ៉ូស្ស៊ី រំលងពីលើនាវាល្បាត សម្រាប់សង្គ្រាមលើទឹក [...]