សម រង្ស៊ី៖ «ហ៊ុន សែន ចង់ចាប់ពង្រត់ខ្ញុំតាមរបៀបយួន»
របបកុម្មុយនីសវៀតណាម ធ្លាប់បញ្ជូនភ្នាក់ងារសម្ងាត់ ឲ្យទៅចាប់ពង្រត់អ្នកប្រឆាំងខ្លួន ពីប្រទេសអាល្លឺម៉ង់ បណ្ដាលឲ្យប្រទេសទាំងពីរ មើលមុខគ្នាមិនចំរហូតមកដល់ថ្ងៃនេះ។ ហើយលោក ហ៊ុន សែន ក៏ចង់អនុវត្តន៍តាមរបៀប «ចៅហ្វាយនាយ» របស់លោកដូចគ្នា ដោយអះអាង នឹងបញ្ជូន«ចារកម្ម» ឲ្យចេញទៅចាប់ខ្លួនលោក សម រង្ស៊ី ប្រសិនណាជាអតីតប្រធានគណបក្សប្រឆាំងរូបនេះ ហ៊ានធ្វើដំណើរ មកកាន់ប្រទេសណាមួយ នៅក្នុងទ្វីបអាស៊ី។
ខាងលើនេះ ជាការអះអាងឡើងរបស់លោក សម រង្ស៊ី មេដឹកនាំនយោបាយ ដែលជាគូបដិបក្ខដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីប្រតិកម្មតប ទៅនឹងការលើកឡើងដូច្នេះ របស់បុរសខ្លាំងកម្ពុជា កាលពីសប្ដាហ៍មុន។ នៅចំពោះក្រុមកម្មករច្រើនពាន់នាក់ ក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងព្រមាន មិនឲ្យលោក សម រង្ស៊ី រួចខ្លួនដូច្នេះថា៖ «អ្នកឯងមិនរួចខ្លួនទេ។ ហើយសុំ កុំមកក្បែរប្រទេសអាស៊ីខ្លាំងពេក [...]