សង្គ្រាមផ្ទុះ រវាងចរាចរណ៍ក្រុង និងផែង វណ្ណៈ រឿង«កូនស្រីញៀនថ្នាំ»
សង្គ្រាមពាក្យសំដី រវាងមន្ត្រី និងមន្ត្រី បានផ្ទះឡើងហើយ!!! លោក ផែង វណ្ណៈ មន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកប្រើប្រាស់បណ្ដាញសង្គមដ៏ល្បីល្បាញ បានចាត់ទុកទង្វើ របស់ក្រុមភ្នាក់ងារនគរបាលចរាចរណ៍ «មួយចំនួន» ថាបានធ្វើឡើង ដូចជា«ក្រុមចោរ» ដែលលួចពួកស្ទាក់ ចាប់ឃាត់យានយន្ដ នៅតាមដងផ្លូវ និងហៅក្រុមមន្ត្រីមានសមត្ថកិច្ចទាំងនោះ ថាជាក្រុមមន្ត្រី«ចរាចរណ៍ថោកទាប»។ ខណៈក្រុម(ស្និត)មន្ត្រីចរាចរណ៍រាជធានីវិញ បានហៅយុវតី ដែលជាកូនស្រីលោក ផែង វណ្ណៈ ថាជាមនុស្ស«ញៀនថ្នាំ» និងហៅលោក ផែង វណ្ណៈ ថាកំពុង«កាង» កូនស្រី«ល្មើស»របស់ខ្លួន។
រឿងរ៉ាវចាប់ផ្ដើមឡើង តាំងពីព្រឹកម្សិលម៉ិញ វេលាម៉ោង ១០ និង០៥នាទី បន្ទាប់ពីយុវតី ផែង ពិសី ដែលជាកូនស្រីរបស់លោក ផែង វណ្ណៈ បានបើករថយន្ដបត់ឆ្វេង ល្មើសផ្លាកសញ្ញាចរាចរណ៍ «ហាមបត់ឆ្វេង» ហើយត្រូវបានក្រុមនគរបាលចរាចរណ៍ ដែលឈរជើង នៅត្រង់ចំណុចផ្លូវសុធារស «មុខ ប៊ីលប្រាយ» ឃាត់ឲ្យឈប់។ លោក ផែង វណ្ណៈ [...]