មេទ័ពស្និត CPP ថាមន្ត្រី CNRP នឹងរៀបចំទ័ពនៅព្រំដែន
បន្ទាប់ពីថ្លែងជំរុញ ឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់បដិវត្តិពណ៌ ដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍនោះរួច មេទ័ពកំពូលរបស់កម្ពុជា បានបង្ហើបឲ្យដឹងថា មន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួន ពីក្នុងចំណោមមន្ត្រីទាំង១១៨រូប ដែលត្រូវបានហាមឃាត់សិទ្ធិ មិនឲ្យធ្វើនយោបាយចំនួន ៥ឆ្នាំ កំពុងមានគំនិត នឹងរៀបចំបង្កើតតំបន់យោធា នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ដើម្បីប្រឆាំងរដ្ឋាភិបាលស្របច្បាប់។
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទកម្ពុជា លោក ប៉ុល សារឿន ដែលគេស្គាល់ថា ជាមនុស្សជំនិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារហ្វឹកហ្វឺន របស់កងយោធពលខេមរភូមិន្ទ និងប្រជុំផ្សព្វផ្សាយផែនការការងារហ្វឹកហ្វឺន ឆ្នាំ ២០១៨ នៅទីអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ [...]