ផៃ ស៊ីផាន ថា អ៊ុំ សំអាន មានចេតនាយកជើងជាន់ផែនទីព្រំដែន
សង្គ្រាមពាក្យសម្ដី ជុំវិញរឿងព្រំដែន កម្ពុជា-វៀតណាម នៅបន្តទៅមុខ មិនចេះដាច់។ ហើយការឆ្លើយឆ្លង ទាក់ទងនឹងការយកជើង «ជាន់»ផែនទីផ្លូវការ ក៏ដូចជានៅទាន់ស្ងាត់នៅឡើយដែរ។ លើកនេះ ដល់វេនលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្ត្រីម្ដង ដែលបានសរសេរចោទ ដោយត្រង់ៗ តំណាងរាស្ត្រមណ្ឌលសៀមរាប លោក អ៊ុំ សំអាន ថាមានចេតនាយកជើងជាន់ផែនទីផ្លូវការ ដែលត្រូវបានទេសរដ្ឋមន្ត្រីទទួលបន្ទុកខាងព្រំដែន លោក វ៉ា គឹមហុង យកមកបង្ហាញ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២ ខែកក្កដា។
នៅលើគណនេយ្យហ្វេសប៊ុក «អង្គភាពប្រតិកម្មរហ័ស» ដែលគេស្គាល់ថា ជារបស់លោក ផៃ ស៊ីផាន នោះ មានសរសេរថា៖ «អ្នកតំណាងរាស្រ្ត អ៊ុំ សំអាន មណ្ឌលសៀមរាប របស់គណបក្សសង្រ្គោះជាតិ បានយកជើងជាន់ដោយចេតនា លើផែនទីផ្លូវការ ដែលជាមរតករបស់ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ ជាមួយនិង(សេច)ក្ដីប្រកាស មិនទទួលស្គាល់ផែនទីផ្លូវការ ដែលបានតម្កល់នៅអង្គការ [...]