កែម ឡី៖ ការឲ្យគោរមងារជា«សម្តេច» ជាការ«ទំរើសបុគ្គល»
ខុសប្លែងពីការតែងតាំង គោរមងារជា«សម្តេច» ឬ«ឧកញ្ញា» សម្រាប់ប្រទេសកម្ពុជា ដែលកើតមាន តាំងតែពីសង្គមចាស់ ទៅលើជនណាម្នាក់ លុះណាតែជននេះ មាន«ស្នាដៃពិតប្រាកដ»នោះ ក្នុងសម័យបច្ចុប្បន្ន ការតែងតាំងគោរមងារទាំងពីរនេះ មិនបានឆ្លុះបញ្ជាំង តាមរយៈស្នាដៃនៃបុគ្គលនោះឡើយ។ តែការតែងតាំងគោរមងារផ្សេងៗ ដល់បុគ្គលណាម្នាក់ ព្រោះការតែងតាំងនោះ ត្រូវបានធ្វើឡើង ក្នុងលក្ខណៈ«ទំរើសបុគ្គល ឬបែបនយោបាយ» ប៉ុណ្ណោះ។ នេះជាការអះអាងឡើង របស់អ្នកស្រាវជ្រាវបញ្ហាសង្គម ដ៏ល្បីឈ្មោះ លោក កែម ឡី។
កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥នេះ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានប្រោសព្រះរាជទាន គោរមងារ«សម្ដេច» ដល់ថ្នាក់ដឹកនាំកំពូលពីររូប មកពីគណបក្សប្រជាជនកម្ពុជា គឺលោក សាយ ឈុំ ប្រធានព្រឹទ្ធិសភាថ្មី និងលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ តាមព្រះរាជក្រិត្យ របស់ព្រះមហាក្សត្រកម្ពុជា ចេញដោយឡែកពីគ្នា [...]