ហ៊ុន សែន ព្រមានចាប់ខ្លួនអ្នកវិភាគ ដែលថាលោកចង់បានសន្លឹកឆ្នោត
«អ្នកណាធ្វើអត្ថាធិប្បាយលើរឿងនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់» នាយករដ្ឋមន្ត្រីកម្ពុជា ដែលស្ថិតក្នុងតំណែង តាំងពីជាង៣០ឆ្នាំ បានថ្លែងខ្លាំងដូច្នេះ ក្នុងព្រឹកថ្ងៃទី១៤ ខែសីហានេះ ព្រមានចាប់ខ្លួនជនណាក៏ដោយ ដែលលើកឡើងថា លោកចង់បានសន្លឹកឆ្នោត នៅក្នុងសំនុំរឿងជម្លោះព្រំដែន ជាមួយប្រទេសជិតខាង។
កាលពីថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧ លោក ហ៊ុន សែន បានថ្លែងឡើងជាសាធារណៈ ជុំវិញជម្លោះព្រំដែន ខ្មែរ-ឡាវ ក្នុងនោះមានទាំងការបញ្ជា ឲ្យធ្វើការចល័តទ័ព និងសព្វាវុធ «យ៉ាងគគ្រឹកគគ្រេង» ឆ្ពោះទៅកាន់តំបន់ព្រំដែន ស្ថិតក្នុងខេត្តស្ទឹងត្រែង និងថែមទាំងបានដាក់ឱសានវាទ ទៅប្រទេសឡាវ សម្រាប់រយៈពេល៦ថ្ងៃ ដើម្បីឲ្យកងទ័ពឡាវ ដកចេញពីទឹកដីកម្ពុជា ដោយគ្មានលក្ខខណ្ឌ។ លុះព្រឹកស្អែកឡើង ត្រូវជាថ្ងៃសៅរ៍ លោក ហ៊ុន សែន បានធ្វើដំណើរទៅកាន់រដ្ឋធានី វៀងច័ន្ទ ប្រទេសឡាវ ដោយជួបជាមួយសមភាគីរបស់លោក (នាយករដ្ឋមន្ត្រីឡាវ) ដើម្បីជជែកគ្នា [...]