អតីតជំនិតទ្រង់ រណឫទ្ធិ រិះគន់ព្រះអង្គយ៉ាងចាស់ដៃ
«តើមនសិការជាតិនិយម និងស្នេហាជាតិរបស់ព្រះអង្គ បាត់ទៅណាហើយ?» នេះ ជាសំនួរឧទានឡើង ដោយលោក មុត ចន្ថា នាយខុទ្ទកាល័យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងជាអតីតមនុស្សដ៏ជំនិត របស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដើម្បីប្រតិកម្ម ទៅនឹងការប្រកាសជំហរ របស់ទ្រង់ កាលពីម្សិលម៉ិញ គាំទ្រចំណាត់ការរបស់អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការការចាប់ខ្លួនលោក កឹម សុខា។
នៅចំពោះអង្គសមាជវិសាមញ្ញ របស់គណបក្សហ៊្វុនស៊ិនប៉ិច នៅមណ្ឌលកោះពេជ្រ ក្នុងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ បានមានបន្ទូលថា៖ «ខ្ញុំបានសសេរសំបុត្រមួយ ទៅជូនសម្តេច ហ៊ុន សែន ក្នុងនាមខ្ញុំ ជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ថាអ្វីមួយដែលសម្តេចធ្វើ ចំពោះលោក កឹម សុខា ដែលខ្ញុំស្គាល់ច្បាស់ និងលោក សម រង្សី ទៀត គឺរាំងហើយបានស៊ីទៀត គឺអត់ស៊ីមុនទេ គឺចាំរាំងសិន ហើយអ្វីមួយ ដែលសម្ដេច (ហ៊ុន សែន) ធ្វើ [...]