គ្រូ​ដឹកនាំ​ក្រុម​រ៉ូស្ស៊ី មិន​ឆ្លើយ​នឹង​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រើ​ថ្នាំ

លោក «Stanislav Cherchesov» គ្រូដឹកនាំក្រុម រ៉ូស្ស៊ី បានឆ្លើយកាត់សំនួរអ្នកកាសែត ដែលសាកសួរលោក នៅក្រោយជំនួប រវាងក្រុម រ៉ូស្ស៊ី និងក្រុម អេហ្សីព អំពីការចោទប្រកាន់ក្រុម រ៉ស្ស៊ី ថាបានប្រើថ្នាំជំនួយកម្លាំង។
គ្រូ​ដឹកនាំ​ក្រុម​រ៉ូស្ស៊ី មិន​ឆ្លើយ​នឹង​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រើ​ថ្នាំ
ក្រុមកីឡាកររ៉ូស្ស៊ី ផ្ទុះក្ដីអំណរ បន្ទាប់ពីរកគ្រាប់បាល់បាន ក្នុងការប្រកួតជាមួយក្រុម អារ៉ាប៊ីសាអ៊ូឌីត។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២០ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 20, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រកួតពីរលើក ឈ្នះទាំងពីរលើក មួយលើករកបានគ្រាប់បាល់ ដល់ទៅ៥គ្រាប់ និងមួយលើកក្រោយ រកបានគ្រាប់បាល់ ៣គ្រាប់ ព្រមទាំងមានសង្ឃឹមយ៉ាងច្រើន ក្នុងការឆ្លងទៅវគ្គ ១ភាគ៨ផ្ដាច់ព្រ័ត្រ ថែមទៀត។ ជាលទ្ធផល ដែលមិនមានក្រុមជម្រើសជាតិណាធ្វើបាន រហូតមកដល់ថ្ងៃនេះ ក្រៅពីក្រុមបាល់ទាត់ រ៉ូស្ស៊ី ដែលជាម្ចាស់ផ្ទះ រៀបចំការប្រកួត បាល់ទាត់ពិភពលោក ឆ្នាំ២០១៨។

មិនខុសទេ! គ្មានក្រុមជម្រើសជាតិណា មានលទ្ធភាពដូច្នេះទេ ហើយជាអ្វី ដែលអ្នកសារព័ត៌មានរ៉ុស្ស៊ី បានសំដែងការកោតសរសើរ នៅនឹងមុខលោក «Stanislav Cherchesov» គ្រូដឹកនាំក្រុមរ៉ូស្ស៊ី ក្នុងសន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើង នៅក្រោយការប្រកួត រវាងក្រុម រ៉ូស្ស៊ី និងក្រុម អេហ្ស៊ីព កាល​ពីយប់ម្សិលម៉ិញ។ អ្នកសារព័ត៌មាននោះ បានលាន់មាត់​ដូច្នេះថា៖ «ពួកអ្នកឯង គឺជាអធិរាជមួយអង្គ។ យើងស្រឡាញ់​ពួកអ្នកឯង​ណាស់។»។

ប៉ុន្តែ នៅមុននេះបន្តិច អ្នកសារព័ត៌មានមួយរូបផ្សេង បានចោទសួរ នូវសំនួរមួយ ដែលធ្វើឲ្យបរិយាកាស ប្រែក្លាយជាអាប់អួរ។ អ្នកកាសែតនោះ បានសួរឡើងថា៖ «លោក "Stanislav Cherchesov", ទូរទស្សន៍អាល្លឺម៉ង់ "ARD" បានអះអាងថា កីឡាកររបស់លោក បានពឹងផ្អែក ទៅលើការប្រើថ្នាំជំនួយកម្លាំង។ តើលោកយល់ឃើញយ៉ាងដូចម្ដេច ចំពោះការលើកឡើងនេះ និងចំពោះពិភពលោកទាំងមូល?»។

តែលោក «Stanislav Cherchesov» មិនបានទុកឲ្យអ្នកកាសែត បញ្ចប់សំនួរទេ។ លោកបានឆ្លើយកាត់ភ្លាមថា៖ «យើងនៅទីនេះ ដើម្បីនិយាយ ពីការប្រកួតបាល់ទាត់ ដូច្នេះខ្ញុំមិនឃើញ មានការទាក់ទងអ្វី ជាមួយនឹងសំនួរបស់អ្នកទេ»។

បើនិយាយពីរឿងនេះ គេនឹកឃើញភ្លាម ទៅដល់គណៈកម្មការអូឡាំពិក របស់ប្រទេសរ៉ូស្ស៊ី ដែលត្រូវបានគណៈកម្មការអូឡាំពិកពិភពលោក ព្យួរសមាជិកភាព ពីក្នុងការប្រកួតកីឡាអូឡាំពិក រដូវត្រជាក់ កាលពីពេលថ្មីៗនេះ ជុំវិញការប្រើថ្នាំជំនួយកម្លាំង ដែលត្រូវបានរកឃើញ ថាមានកើតឡើង ជាប្រព័ន្ធ នៅក្នុងពិភពកីឡារ៉ូស្ស៊ី។

រីឯក្រុមបាល់ទាត់ រ៉ូស្ស៊ី វិញ ធ្លាប់រងការត្រួតពិនិត្យម្ដងហើយ កាលពីថ្ងៃទី២៦ ខែឧសភាកន្លងទៅ ខណៈពេលក្រុមជម្រើសជាតិមួយនេះ កំពុងរៀបចំការប្រកួត នៅក្នុងប្រទេសអូទ្រីស។ នៅចំពោះការចោទប្រកាន់ ពីសំណាក់ទូរទស្សន៍អាល្លឺម៉ង់ សហព័ន្ធបាល់ទាត់ពិភពលោក «Fifa» បានចេញមកបកស្រាយថា ភស្តុតាង​ដែលមាននោះ មិន​គ្រប់គ្រាន់​ដើម្បី​អាច​ធ្វើ​សេចក្ដី​សន្និដ្ឋាន​អ្វី​ឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...