ចៅក្រមស៊ើបអង្កេត ស្វីស លាឈប់ទៀត ពីសាលាក្ដីខ្មែរក្រហម
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 20, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដំណឹងបានធ្លាក់មក នៅថ្ងៃច័ន្ទទី១៩ មិនានេះ បានអោយដឹងថា លោក ឡូរ៉ង់ កាស្ពើអានសឺមេត ( Laurent Kasper-Ansermet ) បានដាក់ពាក្យសុំលាលែង ពីសាលាក្ដីខ្មែរក្រហម ។ នៅក្នុងសេចក្ដីប្រកាសមួយ របស់សាលាក្ដី បាននិយាយពី ពាក្យសុំលាលែងនេះ ហើយបានបញ្ជូនទៅអគ្គលេខាធិការដ្ឋាន នៃអង្គការសហប្រជាជាតិ ដែលនឹងចូលជាធរមាន ចាប់ពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២ ។ នេះជាដំណាក់កាល ថ្មីមួយទៀតដែល សាលាក្ដីកូនកាត់ រវាងប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិ មួយនេះបានជួបប្រទះ បន្ទាប់ពីការលាឈប់ លើកមុនរបស់ ចៅក្រមស៊ើបអង្កេត ជាជនជាតិ អាឡឺម៉ង់ លោក ស៊ីកហ្វ្រេត ប៊្លុង ( Siegfried Blunk ) កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១១ កន្លងទៅ ។ រាល់ការលាឈប់ របស់ចៅក្រមស៊ើបអង្កេតអន្តរជាតិទាំងពីរ ត្រូវបានគេមើលឃើញ ពីវិសាលភាពប្រកបដោយមន្ទិល ក្នុងការរកយុត្តិធម៌ អោយដល់ជនរងគ្រោះ ក្រោមរបបខ្មែរក្រហម។
«ភាពអសកម្មមួយ របស់ សាលាក្ដី» និង «សកម្មភាព ខុសច្បាប់»
កាសែតជាភាសារបរទេស នៅជុំវិញអ៊ឺរ៉ុប បានចុះផ្សាយព្រោងព្រាតអំពី សេចក្ដីប្រកាសនោះ ហើយបកស្រាយថា «ឧបសគ្គកំពុងតែមានភាពជោគជ័យ ទៅលើឆន្ទះការងាររបស់ ចៅក្រមស៊ើបអង្កេតអន្តរជាតិស្វីស» ។ គេក៏បាននិយាយ ផងដែរ អំពីការឈ្លោះប្រកែក គ្នារវាង សហចៅក្រមស៊ើបអង្កេតអន្តរជាតិ រូបនេះ ជាមួយនឹង សហចៅក្រមស៊ើបអង្កេតជាតិ លោក យូ ប៊ុនឡុង ដែលបានឈានរហូតទៅដល់ ការដាក់ឱសានវាទ កាលពីសប្តាហ៍មុន។
នៅក្នុងសេចក្ដីប្រកាស របស់សាលាក្ដី បានលាតត្រដាងពី «ភាពអសកម្មដ៏ធំមួយ របស់ សាលាក្ដី» ហើយភាពអសកម្មនេះ នឹងត្រូវ ចេញផ្សាយជាសាធារណះ ក្នុងពេលខាងមុខ ។ លោក ឡូរ៉ង់ កាស្ពើអានសឺមេត បានបកស្រាយថា ផ្ទុយពីការស្វែងរក ការសំរុះសំរួលរវាង គាត់នឹង ចៅក្រម យូ ប៊ុនឡុង គាត់បែជាទទួលបានមកវិញ នូវការជំទាស់ តាមពាក្យសំដី ជាច្រើនដង និងពេលបន្ទាប់មកទៀត តាមលាយលក្ខណ៍អក្សរចំនួន ២លើក ដែលបញ្ជាអោយលោក បញ្ឈប់នូវ «សកម្មភាព ខុសច្បាប់» នៃការស៊ើបអង្កេតទាំងឡាយ ។
ភាព ខុសច្បាប់ ដែលលោក សហចៅក្រមស៊ើបអង្កេតជាតិ លោក យូ ប៊ុនឡុង បាននិយាយនោះ ទំនងជាចង់យោលទៅលើ ភាពមិនពេញលក្ខណៈ នៃតំណែង សហចៅក្រមស៊ើបអង្កេតអន្តជាតិបំរុង របស់លោក ឡូរ៉ង់ កាស្ពើអានសឺមេត នេះឯង។
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៃប្រទេសកម្ពុជា បានបដិសេធមិនព្រមតែងតាំងលោក ឡូរ៉ង់ កាស្ពើអានសឺមេត Laurent Kasper-Ansermet ជាសហចៅក្រមស៊ើបអង្កេតអន្តរជាតិពេញសិទ្ធិទេ ។ នេះបើតាមការពន្យល់ របស់ស្ថាប័នកំពូលមួយនេះ កាលពីថ្ងៃ សៅរ៍ ទី២៨ ខែមករា ឆ្នាំ២០១២ កន្លងទៅ ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៃប្រទេសកម្ពុជា បានចោទប្រកាន់ លោក ឡូរ៉ង់ កាស្ពើអានសឺមេត ( Laurent Kasper-Ansermet ) ថាបានចុះផ្សាយ អត្ថបទជាច្រើនតាមរយៈ គេហទំព័រ Twitter របស់ខ្លួន ទាក់ទងនឹងសាលាក្តី ក៏ដូចជា ការបញ្ចេញទស្សនៈរបស់ខ្លួន តាមរយះសារព័ត៌មាន ទៅលើសហចៅក្រមស៊ើបអង្កេតជាតិ លោក យូ ប៊ុនឡេង និងលោក ស៊ីកហ្វ្រេត ប៊្លុង ( Siegfried Blunk ) ជាដើម ដែលខុសទៅនឹងវិធានផ្ទៃក្នុង របស់សាលាក្ដី ។
តែលោក ឡូរ៉ង់ កាស្ពើអានសឺមេត ខ្លួនឯង បានច្រានចោល ការចោទប្រកាន់ទាំងនេះ ហើយបាននិយាយ ពីការរកលេស មិនសមហេតុផល របស់ភាគីកម្ពុជា ដើម្បីជាការរារាំង កុំអោយមានការស៊ើបអង្កេតឡើងវិញ ទៅលើសំណុំរឿង ០០៣ និង ០០៤ ដែលក្នុងនោះ មានជាប់ពាក់ព័ន្ធជាមួយ ជនសង្ស័យ ជាកម្មាភិបាលខ្មែរក្រហម ថ្នាក់កណ្តាល ចំនួន ៥នាក់ ។ វិទ្យុសំលេងសហរដ្ឋអាមេរិក បានជួបជាមួយ ជន៣នាក់ ពីចំណោម ជនសង្ស័យទាំងនោះ ដែលរួមមានលោក ស៊ូ ម៉េត - យឹម ទិត - មាស មុត - អោម អាន និង អ្នកស្រីអ៊ឹម ចែម ។ របាយការណ៍របស់វិទ្យុដដែល បានបញ្ជាក់ ពីអ្វីដែល ជនសង្ស័យទាំងបី បានបដិសេធទាំងស្រុង ការចោទប្រកាន់ របស់ សហចៅក្រមស៊ើបអង្កេតអន្តជាតិ។
ទោះបីជាយ៉ាងណា ក៏ដោយ លោក ឡូរ៉ង់ កាស្ពើអានសឺមេត នឹងនៅកាន់តំណែងរបស់ខ្លួន រហូតដល់ថ្ងៃ ៤ ខែឧសភា ដើម្បីធ្វើការងារណា ដែលទាក់ទង នឹងសំនុំរឿងរដ្ឋប្បវេណី ។ អ្នកស្នងតំណែង ជាយថាហេតុរបស់គាត់ នឹងត្រូវប្រកាស អោយដឹងដោយ អង្គការសហប្រជាជាតិ ក្នុងពេលខាងមុខ ប៉ុន្តែអ្នកវិភាគទាំងឡាយ មិនមានសុទ្ទិដ្ឋិនិយមទេ ដោយសារតែ ពេលមុនហ្នឹង លោក ស៊ីកហ្វ្រេត ប៊្លុង អតីតសហចៅក្រម ស៊ើបអង្កេតអន្តរជាតិ បានលាឈប់ ពីសាលាក្ដីដូចគ្នានេះ ព្រមទាំងបានបរិហា ពីគំនាបរបស់ ទីក្រុងភ្នំពេញ ទៅលើឯករាជ្យភាពរបស់ចៅក្រម ៕
ដោយ ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ១៩ មិនា ២០១២
Crédit Photo : AFP