សុខ ប៊ុន ល្បី​ខាង​ចាប់​រំលោភ និង​វាយ​តប់?

ប្រភពមួយបានឲ្យដឹងថា ស្រ្តីជនជាតិជប៉ុនម្នាក់ ដែលជាមិត្តភ័ក្រ របស់កញ្ញា សាសា បានប្តឹងលោក សុខ ប៊ុន ពីបទរំលោភសេពសន្ថវៈ។ រីឯប្រភពផ្សេងទៀត បានឲ្យដឹងដែរថា លោក សុខ ប៊ុន ជាបុរសម្នាក់ ចូលចិត្តវាយតប់ ទៅលើស្ត្រី នៅពេលដែលលោកស្រវឹង។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 14, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈប្រភពពីមន្ត្រីសមត្ថកិច្ច នៅក្រសួងមហាផ្ទៃ បានប្រាប់ សារព័ត៌មានក្នុងស្រុកមួយ ថា លោក​ឧកញ៉ា សុខ ប៊ុន ត្រូវបាននារីជនជាតិជប៉ុនម្នាក់ ដែលជាមិត្តភ័ក្រ របស់អតីតពិធីការិនីទូរទស្សន៍ នាង ឯក សុជាតា ហៅ​កញ្ញា សាសា ប្ដឹងពីបទរំលោភសេពសន្ថវៈនោះ មានសាក្សីស្ត្រី​ម្នាក់ផ្សេងទៀត បានថ្លែង​ប្រាប់​ទស្សនាវដ្ដី​​មនោរម្យ​.អាំងហ្វូ​ថា លោកឧកញ៉ា សុខ ប៊ុន ជាមនុស្សចូលចិត្តវាយតប់ ធ្វើបាបស្ត្រីម្នាក់។

តាមប្រភពព័ត៌មាន ពីស្រ្តីម្នាក់ ដែលអះអាង ថាខ្លួនធ្លាប់រងគ្រោះ ដោយការវាយដំដូចកញ្ញា សាសា ដែរនេះ បានថ្លែង​ប្រាប់​ទស្សនាវដ្ដីថា ក្រៅពីខ្លួន នៅមានស្រ្តីមួយចំនួនទៀត តែងរងគ្រោះដោយអំពើហិង្សា ពី​លោក​ឧកញ៉ា សុខ ប៊ុន នៅពេលដែលបុរសរូបនេះ ទៅស៊ីផឹកនៅហាងម្តងៗ។ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ស្រ្តីរូប​នេះ​បាន​​បញ្ជាក់ថា ព្រោះតែខ្លាច«អំណាច» ទើបកន្លងមក មិនដែលមានការប្តឹងផ្តល់អ្វីឡើយ ហើយ​សុខចិត្ត​ទ្រាំ​ឈឺ​តាម​កម្ម។ នាងបានបន្តថា៖ «បើមិនបានវាយស្រ្តីម្តង ប្រហែលជាលោក សុខ ប៊ុន នេះទទួល​ទានបាយ​មិន​​ឆ្ងាញ់​ទេ មើលទៅ»។

រីឯសារព័ត៌មាន«កម្ពុជាថ្មី» ដែលមានឈ្មោះបោះសម្លេង តាំងពីយូរមកហើយនោះ បានរាយការណ៍ នៅក្នុង​អត្ថបទ​របស់ខ្លួនថា មន្ត្រី​បម្រើ​ការងារ​ នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ​បាន​ទម្លាយ​ឲ្យ​​ដឹង​នៅ​ម៉ោង​១០​និង​៣០​នាទី​ ព្រឹក​ថ្ងៃទី​១៤​នេះ​ថា លោក​ឧកញ៉ា សុខ ប៊ុន​នាយក​ក្រុមហ៊ុន សុខ ប៊ុន ហ្គ្រូ​ប (SBG) និង​ប្រធាន​សមាគម​វាយតម្លៃ ​អចលនវត្ថុ​នៅ​កម្ពុជា នៅជាប់​បណ្តឹង​មួយ​ផ្សេងទៀត ពី​ស្ត្រី​ជនជាតិ​ជប៉ុន ​ជា​ថៅកែ​ហាង​ ដែល​ជា​មិត្តភ័ក្ដិ​កញ្ញា​ សា​សា ពី​បទ​រំលោភ​សេពសន្ថវៈ។

ប្រភព​ដដែលនោះ បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជនជាតិ​ជប៉ុន ដែល​ប្តឹង​ឧកញ៉ា​សុខ ប៊ុន ពី​បទ​រំលោភសេពសន្ថវៈ ​​​​ធ្លាប់​ត្រូវ​បាន​លោក​ឧកញ៉ា​រូប​នោះ ​ចាប់​យក​ទៅ​រំលោភ​ ធ្វើបាបម្តង​រួចមកហើយ។ មន្ត្រី​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បាន​ឲ្យ​ដឹង​ទៀត​ថា ពាក្យ​បណ្ដឹង​របស់​ស្ត្រី​ជនជាតិ​ជប៉ុន​នោះ ត្រូវ​បាន​សមត្ថកិច្ច​ សហការ​​ជាមួយ​មេធាវី​ការពារ​ក្តី​ កំពុង​ដំណើរការ​ទៅមុខ​ ហើយ​សំណុំរឿង​នោះ ​បាន​​រៀបចំ​បញ្ជូន​ ទៅកាន់​សាលាដំបូង ​រាជធានី​​ភ្នំពេញ​រួចហើយ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចសុំការបកស្រាយ ពីលោក យិន សុភ មេធាវីការពារក្ដី របស់ភាគីលោក​ឧកញ៉ា សុខ ប៊ុន បានទេ ដោយទូរស័ព្ទរបស់លោក គ្មានអ្នកទទួល។

ដោយឡែក រហូតមកដល់វេលានេះ ស្ត្រីជនជាតិជប៉ុន ដែលនៅក្នុងហេតុការណ៍នេះ មិនត្រូវបានគេបង្ហើបថា មានឈ្មោះអ្វី និងនៅទីណាឡើយ។ កញ្ញា សាសា ធ្លាប់ថ្លែងប្រាប់សារព័ត៌មាន ខេមប៊ូឌៀដេល្លី ថា មិត្តភ័ក្រ​ជប៉ុន​របស់នាង បានលាក់ខ្លួន ឬបានវិលត្រឡប់ ទៅប្រទេសជប៉ុនវិញហើយ ដោយខ្លាចពីសុវត្ថិភាពផ្ទាល់​ខ្លួន ក្នុងនាមជាសាក្សីមួយរូបនោះ។

នៅបន្ទាប់ពីហេតុការណ៍ វាយតប់ បោចសក់ បានផ្ទុះឡើងដំបូង កញ្ញា សា​សា ​បានអះអាង​ដែរ​ថា លោក​ឧកញ៉ា​​​សុខ ប៊ុន បាននាំស្ត្រីជាតិជប៉ុន ជា​មិត្តភ័ក្ដិ​របស់ខ្លួនម្នាក់នេះ ​ទៅធ្វើ​បាប​ម្តង​រួច​មកហើយ ទើបនៅយប់​ថ្ងៃ​កើតហេតុ ឧកញ៉ារូបនេះ បានព្យាយាមមកអូស​នាង​ទៅទៀត​។ ប៉ុន្តែហេតុការណ៍ បានផ្ទុះទៅជារឿង ដោយ​សារ​ស្ត្រីជប៉ុន ដែលទំនងជាស្រវឹងខ្លាំងនោះ បានដឹងខ្លួន ហើយបាន​ប្រកែក ​មិន​ព្រម​ទៅជាមួយឧកញ៉ា សុខ ប៊ុន ដែលធ្វើឲ្យកញ្ញា សាសា មិនដាច់ចិត្ត ចូលធ្វើអន្តរាគមន៍ រហូតផ្ទុះទៅជាអំពើហិង្សា អូសកញ្ញា សាសា ធ្លាក់​ពីលើ​សាឡុង វាយតប់បោច​សក់​ ​ទាត់​ធាក់​ដូច​សត្វ​ធាតុ។

លោក ផែង វណ្ណៈ ដែលជាមន្ត្រីមួយរូប ពីក្រសួងមហាផ្ទៃដែរ ក៏បានសរសេរនៅលើគណនេយ្យហ្វេសប៊ុក របស់​លោកដែរថា បើសិនជាលោកឧកញ៉ា សុខ ប៊ុន ពិតជាបាន ប្រព្រឹត្ត ដូចការរៀបរាប់នៅក្នុងបណ្ដឹង របស់នារី​ជប៉ុន​ជាដើមបណ្ដឹងមែននោះ លោក សុខ ប៊ុន អាចប្រឈមមុខនឹងមាត្រា ២៣៩ និង មាត្រា ២៤០ នៃក្រម​ព្រហ្មទណ្ឌ ដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរ ហើយនេះ គេនៅមិនទាន់រាប់បញ្ចូល ជាមួយពាក្យបណ្ដឹង របស់កញ្ញា សាសា ដែលជាបទល្មើសមជ្ឈឹម មានស្ថានទម្ងន់ទោសនោះផង។

តារាហ្វេសប៊ុកដ៏ល្បី លោក ផែង វណ្ណៈ បានស្រង់សម្ដីមន្ត្រី ដែលកាន់សំណុំរឿង មកសរសេរបន្តថា៖ «បើ​លោក​ឧកញ៉ា មិនចូលខ្លួន ហើយនៅបន្តរត់គេចនោះ សមត្ថកិច្ចនគរបាលកម្ពុជា នឹងសហការ ជាមួយ​នគរបាល​អន្តរជាតិ ដើម្បីតាមចាប់ខ្លួន យកមកផ្ដន្ទាទោស»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...