ហង់ ជួនណារ៉ុន៖ ការ​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​«ទុតិយភូមិ» ឆ្នាំ​នេះ

ក្រសួងអប់រំយុវជននិងកីឡា បានសម្រេចដាក់បញ្ចូល នូវ«កម្មវិធីប្រឆាំងអំពើពុករលួយ» ទៅក្នុង«មុខវិជា្ជសិក្សាសង្គម» តាមរយៈមុខវិជ្ជាសីលធម៌ ពលរដ្ឋវិទ្យា ក្នុងកំរិត«មធ្យមសិក្សា»។ នេះបើតាមការលើកឡើង របស់លោក ហង់ ជួនណារ៉ុង រដ្ឋមន្ដ្រីក្រសួងអប់រំយុវជន និងកីឡា។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី២៤ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 25, 2015
  • ប្រធានបទ: ពុករលួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មុខវិជ្ជាប្រឆាំងអំពើពុករលួយ នឹងក្លាយជាមុខវិជ្ជា«អាទិភាព»មួយ ក្នុងការ«អប់រំបំណិនជីវិត»នៅថ្នាក់មូលដ្ឋាន និងការអនុវត្ត នៅតាមសាលាមធ្យមសិក្សា ចំណេះទូទៅ ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ ក្នុងឆ្នាំសិក្សា​២០១៥-​២០១៦ខាងមុខនេះ។ ការដាក់បញ្ចូលនេះ ក៏ត្រូវបានធ្វើស្រប ទៅតាមសំណើរ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានថ្លែងក្នុងទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ស្នើឲ្យដាក់បញ្ចូល នូវកម្មវិធីសិក្សា បង្ហាញ​ពីការប្រឆាំងអំពើពុករលួយ ក្នុងកម្មវិធីសិក្សា។

ថ្លែងអះអាងដូច្នេះ អង្គភាពប្រឆាំងអំពើពុករលួយ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥នេះ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអះអាងទៀតថា ពីថ្នាក់ទី៧ ឡើងដល់ទី៩ ជាចំណុចចាប់ផ្តើម នៃ​ការផ្លាស់ប្តូរឥរិយាបទ របស់សិក្សានុសិស្ស សម្រាប់ខ្លួនឯង គ្រួសារ សង្គម និងជាតិ។ សម្រាប់ការសិក្សាឆ្នាំ​ចាស់ កន្លងមកនេះ មុខវិជ្ជាប្រឆាំងអំពើពុករលួយ បានដាក់បញ្ចូល និងអនុវត្តក្នុងកំរិត«បឋមភូមិ»។ ក្នុងកំរិតនេះ លោក​បានលើកឡើងថា នៅមានបញ្ហាមួយចំនួនទៀត ដែលត្រូវធ្វើការកំណែទម្រង់ ជាបន្តទៀតក្នុងឆ្នាំនេះ។

លោកបញ្ចាក់ដូច្នេះថា៖ «ឆ្នាំនេះ គឺជាការបន្តរធ្វើកំណែទម្រង់ ប្រលងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ។ ហើយក្រសួង នឹងបន្តសហការ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីធានាឲ្យបានថា ការប្រលងនេះ នឹងដំណើរការឲ្យបានស្តងដារ នឹងប្រសើរជាងឆ្នាំទៅ។»

អំពើពុករលួយកើន កម្រិតចំណេះដឹងធ្លាក់ចុះ

លោករដ្ឋមន្ត្រី បានពន្យល់ទៀតថា ការអាងលើការបើកមើល និងការសូកលុយប៉ាន់របស់សិស្ស ដើម្បីប្រលង​ជាប់​ជាដើមនោះ ជាមូលហេតុធ្វើឲ្យសិស្សដែលរៀន«ពិត» ប្រាកដមានការ«បាក់ទឹកចិត្ត»។ លោកទទួល​ស្គាល់ថា សិស្សកម្ពុជា ដែលបានប្រលងជាប់ តាមរយៈការសូកប៉ាន់ មានកំរិតនៃការយល់ដឹង«ទាប» បើធៀប​ទៅនឹងប្រទេសក្នុងតំបន់។

ចំពោះការបញ្ចូលកម្មវិធី ប្រឆាំងអំពើពុករលួយ ក្នុងការសិក្សានេះ រដ្ឋមន្រ្តីរូបនេះបានលើកឡើងថា ពិតជាអាច​ធ្វើឲ្យសិស្សទាំងអស់ ខិតខំរៀនសូត្រ។ លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ទៀតថា៖ «បើយើងនៅតែ​បណ្តែត​បណ្តោយ ឲ្យសិស្សានុសិស្សនោះ បន្តបើកមើល ឬយកលុយទៅសូកដើម្បីជាប់ នឹងធ្វើឲ្យចំណេះដឹង​សិស្សា​នុសិស្សនោះ កាន់តែទាប។ កម្ពុជានៅពេលដែលឈានចូល ប្រទេសដែលមានប្រាក់មធ្យម (...) មិនអាច​ប្រណាំង​ប្រជែងជាមួយគេ។ ពិសេសក្នុងក្រមខណ្ឌអាស៊ាន ដែលយុវជនយើង ត្រូវតែប្រណាំងប្រជែង ជាមួយ​យុវជនអាស៊ានដទៃទៀត ដើម្បីរកការងារ។ បើយើងបណ្តោយរឿងនេះ ឲ្យមានបន្តទៀត យុវជនយើង​មិនអាច​ប្រណាំងប្រជែង ជាមួយគេបានទេ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...