ក្រុម​យុវជន​បរិហារ​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម ដោយ​អាជ្ញាធរ​វៀតណាម

ប្រជាពលរដ្ឋខ្មែរក្រោម ប្រមាណពី៨ ទៅ ១០លាននាក់ កំពុងតែរស់នៅ ក្រោមបន្ទាត់ នៃការរឹតត្បិត សិទ្ធិ និងសេរីភាព ពីសំណាក់អាជ្ញាធរវៀតណាម។ នេះបើតាមការអះអាង របស់លោក ស៊ឺន ជុំជួន ប្រធានបណ្តាញយុវជនខ្មែរកម្ពុជាក្រោម។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១៦ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 17, 2015
  • ប្រធានបទ: ខ្មែរក្រោម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបញ្ចប់គម្រោង ក្នុងការស្រាវជ្រាវពីជីវភាព នឹងការរស់នៅ របស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ក្នុងទឹកដីខ្មែរ​ក្រោម​កាលពីពេលថ្មីៗនេះ ក្រុមយុវជន ដែលបានចូលរួមក្នុងគម្រោងនេះ បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរក្រោម ស្ទើ​តែ​ទាំងអស់ ក្នុងពេលបច្ចុប្បន្ននេះ មិនត្រូវបានរដ្ឋាភិបាលវៀតណាម អនុញ្ញាតឲ្យរៀនជាភាសាខ្មែរ ក្នុង​សាលា​រៀន​ឡើយ ក្រៅពីការទទួលចំណេះដឹងបន្តិចបន្តួច ជាភាសាខ្មែរ និងរឿងរបស់ខ្មែរ (កណ្តាល) ពីព្រះសង្ឃតាមទីវត្ត​អារាម​ប៉ុណ្ណោះ។

កញ្ញា ហូរ វិចិត្រ តំណាងក្រុមស្រាវជ្រាវសន្តិភាព របស់អង្គការ ACT បានថ្លែងឡើងថា ប្រជាពលរដ្ឋ ដែលនៅក្នុងទឹកដី​ខ្មែរក្រោម ត្រូវបានបិទសិទ្ធិ និងសេរីភាព ស្ទើរគ្រប់យ៉ាង ក្នុងការទទួលការអប់រំ ការរស់រាន និងការរស់នៅដោយ​សម​រម្យ បើធៀបនឹងខ្មែរកណ្តាល ឃើញមានការខុសដាច់គ្នាស្រឡៈ។ កញ្ញា បានថ្លែងពន្យល់ថា៖ «ពលរដ្ឋខ្មែរក្រោម គ្មាន​សិទ្ធិ​រៀន ជាភាសាខ្មែរទេ។ តែក៏អាចរៀនបាន ក្នុងវត្តអារាមដែរ រហូតបញ្ចប់ថ្នាក់ទី១២ និងក៏មានសញ្ញាបត្រ ចេញ​ដោយ​ព្រះ​សង្ឃ ដែលមានការទទួលស្គាល់ ពីអាជ្ញាធរវៀតណាម ដែលមិនទទួលស្គាល់ នូវធនធានមនុស្ស ក្នុងការ​យក​ទៅ​ប្រើ​ប្រាស់​ឡើយ។ លើកលែងតែចេះភាសាវៀតណាម និងសញ្ញាបត្រ ដែលចេញដោយរដ្ឋាភិបាលវៀតណាម ដោយ​ផ្ទាល់ ទើបទទួលយកទៅធ្វើការ។»

ក្រៅពីវត្តអារាម នៅមានសាលាមួយចំនួនតូច ដែលបានបញ្ចូលភាសាខ្មែរ ក្នុងកម្មវិធីរបស់ខ្លួន ដែលក្នុងមួយសប្តាហ៍ មាន​បីម៉ោង សម្រាប់សិក្សាភាសារខ្មែរនេះ។ នេះបើតាមការអះអាង របស់ប្រធានបណ្តាញ យុវជនខ្មែរកម្ពុជាក្រោម លោក ស៊ឺន ជុំជួន។ គ្មានសាលាឯកជនទេ គឺមានតែវត្តអារាមតែម្តង។ ហើយក៏មានកំរិតសិទ្ធិសេរីភាព ក្នុងការទទួល​ចំណេះ​ដឹងផ្នែកភាសារខ្មែរ វប្បធម៌ និងសាសនា។

កញ្ញា ហូរ វិចិត្រ ដដែល បានស្រង់សំដីប្រធានសារមន្ទីរ ជាខ្មែរកម្ពុជាក្រោមម្នាក់ មកបញ្ជាក់ថា ចំពោះវប្បធម៌ ឬ​ប្រពៃណី​ខ្មែរ មិនត្រូវបានឲ្យប្រារព្ធក្នុង ពិធីបុណ្យផ្សេងៗ តាមរយៈការចាក់ ជាឧឃោសនស័ព្ទឡើយ។ ដូចជាករណី​ចូល​ឆ្នាំ​ខ្មែរ​ជាដើម មិនត្រូវបានអនុញ្ញាត ឲ្យមានការចាក់ភ្លេងកំដរឡើយ បើសិនពីធីនោះ គ្មានអ្នកចូលរួម បាន​ជាង​១០០​នាក់​នោះទេ។ កញ្ញា វិចិត្រ បានឲ្យដឹងទៀតថា៖ «វប្បធម៌ផ្នែកសំលៀកបំពាក់ ជាង៩០ភាគរយ ត្រូវបានបង្ខំ​ឲ្យ​ស្លៀក​ពាក់ បែបវៀតណាម។ នៅតែ១០ភាគរយប៉ុណ្ណោះ ដែលលបលួចស្លៀកពាក់ របៀបជាខ្មែរ។»

ចំពោះសិទ្ធិនៃការទទួលព័ត៌មានវិញ ត្រូវបានរឹតត្បិតស្ទើរតែទាំងស្រុង ដោយហាមមិនឲ្យ ប្រជាពលរដ្ឋខ្មែរក្រោម ទទួល​បានព័ត៌មានឡើយ។ អ្នកដែលអាចទទួលព័ត៌មានបាន សុំត្រាតែអ្នកនោះ អាចអាន និងនិយាយភាសាវៀតណាមបាន។ កញ្ញា ហូរ វិចិត្រ បានបន្ថែមទៀតថា៖ «នៅខ្មែរក្រោម ប្រព័ន្ធព័ត៌មានសង្គម ត្រូវកាត់ផ្តាច់។ យ៉ាហ៊ូ (Yahoo) ជីម៉ែល (Gmail) ជាដើម មិនអាចប្រើប្រាស់បាន លើកលែងតែចូលទៅអានព័ត៌មាន ជាភាសាវៀតណាម។»

ក្រុមយុវជន មកពីអង្គការ ACT ជាច្រើននាក់ បានចុះទៅធ្វើការស្រាវជ្រាវ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមីនានេះ នៅក្នុងទឹកដីកម្ពុជា។ កញ្ញា ហូរ វិចិត្រ បានថ្លែងទៀតថា ក្រុមយុវជន ដែលមានគ្នា៧នាក់ បានបំបែកគ្នា ធ្វើការ​ភ្លាមៗ នៅពេលដែលចូលដល់ ទឹកដីខ្មែរកម្ពុជាក្រោម ដើម្បីបញ្ជៀសការចាប់អារម្មណ៍ របស់សមត្ថកិច្ច​វៀតណាម។ កញ្ញាបន្តថា អ្វីដែលក្រុមការងាររបស់កញ្ញាចង់បាននោះ គឺការនាំដំណឹងពិត ពីផលវិបាក និងការរស់នៅ របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម ជូនដល់ក្រុមយុវជនខ្មែរទាំងអស់ បានដឹងពីបញ្ហាទាំងនោះ។

លោក ស៊ឺន ជុំជួន បានគូសបញ្ជាក់ថា ក្រោយការស្រាវជ្រាវ របស់ក្រុមយុវជន និងនិស្សិតនេះ បង្ហាញថា ខ្មែរកម្ពុជា​ក្រោម រស់នៅក្រោមបន្ទាត់ នៃការគាបសង្កត់ សិទ្ធិ និងសេរីភាព ដែលលោកធ្វើការសន្និដ្ឋានថា នៅមិនទាន់មាន​សន្តិភាព នៅឡើយ។ លោក ជុំជួន បានថ្លែងទៀតថា៖ «សន្តិភាពពេញលេញ ដែលមិនសំដៅ លើបញ្ហាសង្គ្រាមទេ។ តែជា​ការបញ្ចូលការរស់នៅ របស់ជនជាតិពីរ រវាងសាសន៍ពីរ ខ្មែរ និងវៀតណាម អាចរស់នៅជាមួយគ្នា ប្រកបដោយ​សន្តិភាព​តាម​ផ្លូវចិត្ត ពិសេសនៅតាមសហគមន៍ ឲ្យមានការយល់ចិត្ត និងធ្វើការដោះស្រាយរួមគ្នា។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីមន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមន្រ្តីអ្នកនាំពាក្យ ស្ថាន​ទូត​វៀតណាម ប្រចាំកម្ពុជា បាននៅឡើយ នាពេលនេះ ជុំវិញការលើកឡើងខាងលើ។

ដោយឡែក លោក អឿន ណារិទ្ធិ ជំនួយការឲ្យគណកម្មការទីមួយ នៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ បាន​បញ្ចេញ​ទស្សនៈផ្ទាល់ ក្នុងនាមជាយុវជនថា៖ «ខ្មែរកម្ពុជាក្រោម កំពុង រស់នៅ និងក្លាយជាជនជាតិភាគតិច នៅលើ​ទឹកដី​របស់ខ្លួន»។ លោកបានលើកជាសំនួរថា តើត្រូវធ្វើយ៉ាងណា ដើម្បីពួកគាត់ អាចក្លាយជាម្ចាស់ប្រទេស នៃទឹកដី​កំណើតរបស់ខ្លួន ហើយមានសិទ្ធិពេញលេញ ក្នុងការទទួលបាននូវវប្បធម៌ ប្រពៃណី សាសនា មកអនុវត្ត គោរព និង​ប្រតិបត្តិពេញលេញ ខណៈរដ្ឋាភិបាលខ្មែរ មិនទាន់ហ៊ានទទួលស្គាល់ ជនជាតិខ្លួនឯង ដែលរស់នៅក្នុងទឹកដីកំណើត​កម្ពុជាក្រោម ជាជាតិសាសន៍ខ្លួន នៅឡើយនេះ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...