តំណាងរាស្រ្តប្រឆាំង៥រូប នឹងត្រូវតុលាការចោទប្រកាន់ នាព្រឹកនេះ
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 16, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតប្រាំរូប មកពីគណបក្សសង្គ្រោះជាតិ ត្រូវបានបញ្ជូនពីប៉េស៊ី មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការចោទប្រកាន់ ពាក់ព័ន្ធករណីកើតមានអំពើហិង្សា នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ម្សិលម៉ិញនេះ។
បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតប្រាំរូប ដែលត្រូវបានចាប់ខ្លួន និងថតរូបនៅស្នងការនគរបាល។ (រូបថត ហ្វេសប៊ុក)
ការបញ្ចេញមតិ - ព្រហាមស្រាងៗថ្ងៃទី១៦ ខែកក្កដានេះ ស្នងការនគរបាលក្រុងភ្នំពេញ បានបញ្ជូលលោកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក រៀល ខេមរិន្ទ្រ និងលោក កែវ ភារម្យ មកសាលាដំបូងរាជធានីភ្នំពេញ។
បេសកកម្មលោកស្រី មូរ សុខហួរ ក្នុងការរំដោះទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ត្រូវបានបរាជ័យ បន្ទាប់ពីអំពើហិង្សា និងការប៉ះទង្គិចគ្នា រវាងកងកម្លាំងសន្តិសុខខណ្ឌ ជាមួយក្រុមបាតុករ។ នាពេលបន្ទាប់នោះ តំណាងរាស្រ្តជាប់ឆ្នោតទាំងបួនរូបខាងលើ ត្រូវបានហៅសាកសួរ ក្នុងទីលានប្រជាធិបតេយ្យដែលកំពុងស្ថិតក្រោម ការហ៊ុះព័ទ្ធដោយរនាំង និងបន្លាលួស និងកម្លាំងសមត្ថកិច្ចចម្រុះ។ បន្ទាប់គ្នានោះដែរ ក៏ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅស្នងការនគរបាលរាជធានីតែម្តង។
ឯលោក រៀល ខេមរិន្ទ្រ ត្រូវបានកម្លាំងសមត្ថកិច្ច របស់រដ្ឋាភិបាលចាប់ខ្លួននាយប់ថ្ងៃទី១៥ ខែកក្កដា ក្នុងខេត្តកំពង់ចាម។ ការចាប់ខ្លួនតំណាងរាស្ត្រជាប់ឆ្នោត ទាំងប្រាំរូបនេះ ធ្វើឡើងក្រោមបទចោទ ដឹកនាំធ្វើបាតុកម្មដោយខុសច្បាប់ និងបង្កហិង្សាលើអាជ្ញាធរមានសមត្ថកិច្ច។
នាព្រឹកថ្ងៃទី១៦ ខែកក្កដានេះ តាមបណ្តោយផ្លូវមុខតុលាការ និងច្រកសំខាន់ៗជុំវិញតុលាការផ្សេងទៀត ត្រូវបានដាក់ពង្រាយនូវក្រុមនគរបាល រនាំងដែក និងរបាំង ជុំជិត និងបិទផ្លូវមុខតុលាការសាលាដំបូង រាជធានីភ្នំពេញ ផ្អាកការធ្វើចរាចរមួយរយៈពេល។
ស្ត្រីអាជីវករម្នាក់ សុំមិនបញ្ចេញឈ្មោះ ដែលបានលក់ដូរតាមផ្លូវជិតតុលាការនេះ បានលើកឡើងថា ការរឹតបន្តឹងសន្តិសុខនៅមុខតុលាការ ពិសេសចាប់ពីចំណុចអាងទឹកអូឡាំពិក រហូតដល់រង្វង់មូលនាងគង្ហីងដូច្នេះ វាជាទំលាប់ និងក៏ទង្វើដែលធ្លាប់មាន ក្នុងពេលកន្លងមករបស់តុលាការដំបូង រាជធនីភ្នំពេញ។ អ្នកស្រីបានបន្តថា ពិសេសករណីនេះ កើតមាននៅពេលសាកសួរ ឬសម្រេចសេចក្តីលើបុគ្គលណាម្នាក់ ដែលមិនស្របនឹងរដ្ឋាភិបាលលោក ហ៊ុន សែន នោះប្រាកដជាជាប់ពាក់ព័ន្ធថាក្រុមបក្សប្រឆាំង ដូចករណីកម្មករ សង្គមស៊ីវិលនាពេលកន្លងមកជាដើម។
ការចាប់ខ្លួនតំណាងរាស្រ្តជាប់ឆ្នោត គណបក្សសង្គ្រោះជាតិនេះ ត្រូវបានមតិប្រជាពលរដ្ឋមួយចំនូនលើកឡើងថា គឺជាគ្រោងការនៃជនបាតដៃទីបី ដែលមានមេបញ្ជាមួយច្បាស់លាស់ ស្ថិតក្នុងជួរដ្ឋាភិបាល។ លោក វង្ស សម្បត្តិ ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បាននិយាយថា លោកមើលឃើញការចាប់ខ្លួនរបស់សមត្ថកិច្ច ទៅលើតំណាងរាស្រ្តបីរូប ដែលត្រូវបានដាក់ឃ្នោះ និងចងស្លាបសេកទៅក្រោយទាំងអស់នោះ ប្រៀបដូចជាចាប់ឧក្រិដ្ឋជន។
រីឯប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា វិញ បាននឹងកំពុងធ្វើសន្និសីទកាសែត នៅទីស្នាក់ការកណ្តាល នៅចាក់អង្រែនាព្រឹកម៉ោង៩នេះ ពាក់ព័ន្ធនឹងការចាប់ខ្លួនតំណាងរាស្រ្ត គណបក្សរបស់លោក ក្នុងហេតុការណ៍ហិង្សាកាលពីថ្ងៃទី១៥ ខែកក្កដាម្សិលម៉ិញនេះ។ ក្នុងថ្ងៃដដែលនេះ នាវេលាម៉ោង១១រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាសេនាធិការរបស់រដ្ឋាភិបាលលោក កែវ រ៉េមី ក៏នឹងធ្វើសន្និសីទការសែត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ និងការឃាត់ខ្លួនតំណាងរាស្ត្រជាប់ឆ្នោត នៃគណបក្សសង្គ្រោះជាតិដូចគ្ននេះដែរ។
តាមការអះអាងរបស់អ្នកនាំពាក្យ សាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដាម្សិលម៉ិញ យ៉ាងហោចណាស់ក្រុមសន្តិសុខ៣៧នាក់ បានរងរបួស ក្នុងនោះមាន២ នាក់ ស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់។ សម្រាប់សង្គមស៊ីវិល ក៏បានអះអាងថា បាតុករជាង១០ នាក់ បានរងរបួស ក្នុងការប៉ះទង្គិចនោះដែរ៕