ជម្លោះ​ដី​ធ្លី​ជា​មួយ​ភរិយា ស៊ុយ សែម៖ ពលរដ្ឋ​២​នាក់ រត់​គេច​ខ្លួន​ដើម្បី​សុវត្ថិភាព

ពលរដ្ឋ២នាក់ រស់នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានទំនាស់ដីធ្លីដ៍រ៉ុំារ៉ៃ​ជាមួយ​ក្រុមហ៊ុន ខេឌីស៊ី អន្តរជាតិ ដែលជាភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ដែលបានបដិសេធ​ពុំទទួល​យកសំណង ដែលទូរទាត់ជាកញ្ចប់ បានរត់ចោលផ្ទះដើម្បីសុវត្ថិភាព បន្ទាប់បានទទួលលិខិតកោះហៅពីប៉ូលីស នៅ​ខណៈពលរដ្ឋ១៥គ្រួសារ ដែលបានទទួលយកសំណងហើយនោះ បានបឹ្តងទាមទារសំណងបន្ថែមទៀតពីក្រុមហ៊ុន។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: April 23, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពលរដ្ឋ២នាក់ រស់នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានទំនាស់ដីធ្លីដ៍រ៉ុំារ៉ៃ​ជាមួយ​ក្រុមហ៊ុន ខេឌីស៊ី អន្តរជាតិ របស់ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ដែលបានបដិសេធ​ពុំទទួល​យកសំណង ដែលទូរទាត់ជាកញ្ចប់ បានរត់ចោលផ្ទះដើម្បីសុវត្ថិភាព បន្ទាប់បានទទួលលិខិតកោះ​ហៅ​ពី​ប៉ូលីស នៅ​ខណៈពលរដ្ឋ១៥គ្រួសារ ដែលបានទទួលយកសំណងហើយនោះ បានបឹ្តងទាមទារសំណងបន្ថែម​ទៀត​ពីក្រុមហ៊ុន។


រូបបង្ហាញពីទេសភាពរបស់ស្រុកស្រែរបស់ប្រទេសកម្ពុជា នាពេលរសៀល។ (រូបភាពឯកសារ)

ជម្លោះដីធ្លី - លោក រាជ ស៊ីម៉ា តំណាងប្រជាពលរដ្ឋ ដែលបដិសេធទទួលយកសំណងជាកញ្ចប់ ហើយកំពុងរត់គេច​ខ្លួនដើម្បីសុវត្ថិភាព ជាមួយបណ្តឹងព្រហ្មទណ្ឌបីបណ្តឹងនោះ បានថ្លែងឲ្យដឹងថា អធិការស្រុកកំពង់ត្រឡាច​បាន​ចេញ​លិខិត កោះហៅលោក និងលោក ស្ងួន ញៀន ឲ្យចូលខ្លួនទៅកាន់អធិការដ្ឋាននគរបាល ស្រុកកំពុងត្រឡាច​នៅថ្ងៃទី​២០ ខែមេសា ឆ្នាំ ២០១៤ វេលា ម៉ោង ២និង ៣០នាទីល្ងាច ដើម្បីសាកសួរការងារផ្ទាល់ខ្លួន។ លោកបានថ្លែងឲ្យ​ដឹង​ថា៖ «វាចំឡែកលិខិតឲ្យដល់ដៃខ្ញុំម៉ោង១ ហើយឲ្យចូលនៅម៉ោង២ជាង ជាពិសេសជាថ្ងៃអទិត្យទៀត ហើយខ្ញុំទទួល​បានព័ត៌មានថា នៅពេលណាដែលខ្ញុំបង្ហាញខ្លួនគឺគេចាប់ខ្ញុំតែ ម្តងដោយគេចោទខ្ញុំថាញុះញ៉ង់ពលរដ្ឋ ឲ្យបដិសេធ​ពុំទទួលយកសំណង និងធ្វើឲ្យពលរដ្ឋបោះបោរ។ ដូច្នេះដើម្បីសុវត្ថិភាព ខ្ញុំត្រូវតែគេចខ្លួនសិន ប៉ុន្តែការគេចនេះ គឺរក​ដើម្បីរកជំនួយផ្នែកច្បាប់ទេ»។

លោកបានឲ្យដឹងទៀតថា លោកនឹងបង្ហាញខ្លួននៅថ្ងៃទី២៤ ខាងមុខនេះនៅសាលាខេត្តកំពង់ឆ្នាំង ជាមួយ​ពលរដ្ឋ​១៥​គ្រួសារផ្សេងទៀត ដែលបដិសេធពុំទទួលយកសំណងជាកញ្ចប់នេះ ដោយខាងសាលាខេត្តហៅ​ទៅចរចានៅ​ទី​នោះ ប៉ុន្តែលោកមិនសង្ឃឹមថា មានដំណោះស្រាយនោះទេ ពីព្រោះគណៈកម្មាធិការនោះធ្វើតាម​តែការចង្អុល​បង្ហាញ របស់ជំទាវក្រុមហ៊ុនតែប៉ុណ្ណោះ។ លោកបានថ្លែងថា៖ «ករណីប៉ូលីសចេញលិខិតកោះហៅនេះក៏ដោយ គឺខាង​ក្រុមហ៊ុនជាអ្នកបញ្ជារ ដោយសារតែគេខឹងខ្ញុំបដិសេធ ពុំទទួលយកសំណង់ជាកញ្ចប់របស់ពួកគេ គឺគេចង់​ចាប់ខ្ញុំ​ដើម្បី​គំរាមដល់ប្រជាជនដទៃទៀត ដូចដែលគេធ្លាប់ធ្វើកាលពី៧ឆ្នាំមុន»។

ចំណែកឯលោក ស្ងួន ញៀន ដែលកំពុងតែគេចខ្លួនបណ្តោះអាសន្ន ដើម្បីស្វែងរកយុទ្ធសាស្រ្ត​ទប់ទល់ជាមួយ​ក្រុមហ៊ុន ដែលមានអំណាចនោះបានថ្លែងថា ខាងក្រុមហ៊ុនបើទោះបីជាបង្កើតគណកម្មាធិការ ដើម្បីដោះស្រាយ​ទំនាស់នេះក៏ដោយ ក៏ពួកគេព្យាយាមគំរាមប្រជាពលរដ្ឋគ្រប់បែបយ៉ាង ដោយគំរាមតាមរយៈគណកម្មាធិការ គំរាម​តាមចាប់តំណាងពលរដ្ឋ និងបោកបញ្ឆោតតំណាងពលរដ្ឋម្នាក់ ឲ្យប្រាក់ច្រើនជាងគេ ដើម្បីឲ្យពលរដ្ឋផ្សេងទៀត​ទទួលយកសំណងតាម។ លោកបានឲ្យដឹងទៀតថា៖ «គេឲ្យគ្រួសារលោក ផេង រុំ ដែលធ្លាប់ជាតំណាងប្រជាពលរដ្ឋ​នោះ នូវប្រាក់៣ពាន់ដុល្លារក្នុងមួយគ្រួសារ នៅពេលពលរដ្ឋឃើញតំណាងទទួលយក គេបានឲ្យពលរដ្ឋក្នុង​មួយ​គ្រួសារ ចាប់ពី១លានរៀល រហូតដល់៦លានរៀល រហូតមកដល់ពេលនេះ មាន៣៣គ្រួសាររួចហើយ ដែលទទួល​យក ប៉ុន្តែក្នុងនោះ មានពលរដ្ឋ១៥គ្រួសារ កំពុងរៀបចំពាក្យបណ្តឹងទៅគណកម្មាធិការនោះ ដើម្បីទាមទារសំណង​បន្ថែម។ ដោយសារតែចាញ់បោកគេនេះ មានអ្នកខ្លះដេកយំបោកខ្លួន»។

លោកបានឲ្យដឹងទៀតថា គណកម្មាធិការនេះ បានបង្កើតឡើងដើម្បីតែបោកប្រាស់ពលរដ្ឋតែប៉ុណ្ណោះ គេពុំបានចុះ ទៅធ្វើការសិក្សារផ្ទាល់នៅកន្លែង ដែលមានទំនាស់នោះទេ គឺគេចរចាឲ្យលុយជាកញ្ចប់តែម្តង តាមការឲ្យតម្លៃពីខាង​ភាគីក្រុមហ៊ុន ដូច្នេះហើយបានជាគណកម្មាធិការនេះ ពុំអាចស្វែងរកដំណោះស្រាយដើម្បីបញ្ចប់ទំនាស់បាន។

គួររំលឺកផងដែរថា ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរវាងប្រជាជន និងក្រុមហ៊ុន KDC អន្តរជាតិ ដែលបានឈូសឆាយដីអ្នក​ភូមិជាង​១៤០ហិកតា បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០០២ ហើយស្ថានភាពបានផ្ទុះរឹតតែធំនៅក្នុងឆ្នាំ២០០៦ នៅពេលដែល​ប្រជាជន​ចំនួន១៣នាក់បាន រងនូវការចោទប្រកាន់ពីបទបរិហាកេរ្តិ៍និងរំលោភដីមានកម្មសិទ្ធិ រហូតមកដល់សព្វថ្ងៃ​នេះមានពលរដ្ឋ៤នាក់ កំពុងជាប់បណ្តឹងនៅតុលាការ។

អ្នកស្រី ដោក សុធា ប្រធានគណកម្មាធិការដោះស្រាយជម្លោះ និងជាអភិបាលរងខេត្តកំពង់ឆ្នាំង ពុំអាចទំនាក់ទំនង​ដើម្បីធ្វើការអត្ថាធិប្បាយបានទេ កាលពីថ្ងៃម្សិលម៉ិញដោយអ្នកស្រីពុំលើកទូរស័ទ្ទ។ ចំនែកឯលោក ថៃ ហ៊ី សមាជិក​គណកម្មាធិការ និងជាតំណាងក្រុមហ៊ុន ក៏ពុំអាចទំនាក់ទំនង ដើម្បីធ្វើការអត្ថាធិប្បាយបានដែរ។

លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ សមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងឲ្យដឹងថា អ្វីដែលពុំ​អាចដោះស្រាយជម្លោះនោះបាន ដោយសារតែគណៈកម្មាធិការនោះ គ្មានឆន្ទៈពិតប្រាកដក្នុងការ​ដោះស្រាយបញ្ចប់​ជម្លោះ ដោយសារតែគេធ្វើតាមតែការចង្អុលបង្ហាញ របស់ក្រុមហ៊ុន ដោយសងជាកញ្ចប់។ ហៅពលរដ្ឋម្តងម្នាក់ៗ ដើម្បីចូលចចារ ដែលជាការងាយស្រួល ក្នុងការគំរាមពលរដ្ឋឲ្យទទួលយកសំណង តាមដែលគេផ្តល់ឲ្យ។ លោកបាន​ថ្លែងឲ្យដឹងទៀតថា៖ «អ្វីដែលប៉ូលីសចេញដីការកោះហៅនោះ គឺជាការគំរាមដ៏ធ្ងន់ធ្ងរសម្រាប់ពលរដ្ឋ ដែលព្យាយាម​ការពារដីរបស់ពួកគាត់»៕

------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី២២ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...