បក្សសង្រ្គោះជាតិ ស្នើក្នុងជំនួប ឲ្យមានការដោះលែងជនទាំង២១
ទន្ទឹមនឹងការជួបពិភាក្សាព្រមព្រៀងគ្នាបង្កើត គណៈកម្មការចម្រុះ ដោយមានសមាសភាពស្មើគ្នា ដើម្បីរៀបចំក្របខណ្ឌកំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខ គណបក្សសង្រ្គោះជាតិ ក៏ស្នើអោយមានការដោះលែងអ្នកដែលកំពុងជាប់ឃុំនៅពន្ធនាគារ ទាំង២១នាក់ផងដែរ។
កិច្ចប្រជុំរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៤ នាវិមានព្រឹទ្ធសភា។ (រូបថត MONOROOM.info/ O. Vary)
ប្រព័ន្ធយុត្តិធម៌ - ថ្លែងនៅក្នុងសន្និសិទកាសែត បន្ទាប់ពីជំនួបចរចារវាងគណបក្សរវាងទាំងពីរ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា លោក ស៊ុន ឆ័យ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ បាននិយាយថាគណបក្សសង្រ្គោះជាតិ ចង់អោយមានការដោះលែងអ្នកទាំង ២១នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម។
លោកបន្តថាក្នុងពេលឆាប់ៗនេះ គណបក្សសង្រ្គោះជាតិនឹងទៅមើលជនជាប់ឃុំទាំងនោះ ក្នុងពន្ធនាគារម្តងទៀត ដែលលោកនឹងជ្រើសរើសចំថ្ងៃ ដែលមិនមែនជាថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ដោយសារកន្លងមកប្រធានពន្ធនាគារមិនអនុញ្ញាតអោយចូលទៅមើល ព្រោះជាថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ។ លោកបានបន្តបញ្ជាក់ជំហររបស់គណបក្សប្រឆាំង ដូច្នេះថា «បើមានការដោះលែងអ្នកទាំង២៣នាក់ អោយនៅក្រៅឃុំវា នឹងកាន់តែបង្កបរិយាកាសល្អថែមទៀត ទៅដល់ការខិតខំប្រឹងប្រែងក្នុងការរកដំណោះស្រាយ ដែលជាផលប្រយោជន៍ជាតិអោយបានឆាប់រហ័ស»។
ឆ្លើយតបភ្លាមៗទៅនឹងការលើកឡើងរបស់មន្ត្រីគណបក្សប្រឆាំងខាងលើនេះ លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា សំនុំរឿងអ្នកទាំង២១នាក់ ជាសមត្ថកិច្ចរបស់តុលាការ ដូច្នេះគឺតុលាការជាអ្នកសម្រេច។ យ៉ាងណាក៏ដោយ ក៏មន្ត្រីតំណាងឲ្យគណបក្សប្រជាជនកម្ពុជា និងតំណាងឲ្យក្រសួងមហាផ្ទៃ នៅតែបង្ហាញតម្រុយថា «បញ្ហាដែលនៅសេសសល់យើងនឹងបន្តធ្វើទៀត តែយើងចង់ឃើញអ្វីៗ នាំមកនូវបរិយាកាសដែលមានការជឿទុកគ្នា ដើម្បីឈានទៅបញ្ចប់បញ្ហាអោយបានឆាប់ ហើយមធ្យោបាយដែលល្អបំផុត គឺការដោះស្រាយសន្តិវិធីតាមរយៈការចរចា»។
ពាក្យសម្ដីរបស់មន្ត្រីរដ្ឋាភិបាលរូបនេះ ទំនងជាចង់ឲ្យក្រុមប្រឆាំងប្រើប្រាស់ការជួបជជែកជាមួយរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា ហើយបញ្ជៀសនូវការប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម។ បាតុកម្មដែលកន្លងមក បានឈានទៅដល់ការផ្ទុះអំពើហិង្សា និងមានការបង្ក្រាបយ៉ាងរង្គាល ទៅលើពួកអ្នកតវ៉ាដែលបានជួបប្រជុំគ្នាធ្វើបាតុកម្ម ដោយសន្តិវិធីនោះ។
ចំពោះបញ្ហានេះដែរ ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត នៃអង្គការលីកាដូ លោក អំ សំអាត ធ្លាប់បានអោយដឹងថា ការឃុំខ្លួនអ្នកទាំង២៣នាក់នោះ ជារឿងលាបពណ៌អោយជាប់ទាក់ទងនឹងបញ្ហានយោបាយ។ លោកបញ្ជាក់ផងដែរថាគណបក្សនយោបាយទាំងអស់ មិនគួរយកជនទាំង២៣នាក់នោះ ធ្វើជាឧបករណ៍នយោបាយនោះទេ។
គួរបញ្ជាក់ អ្នកទាំង២៣នាក់ដែលកំពុងឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងនោះមាន លោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ឋ (IDEA) លោក ចាន់ ពុទ្ធិស័ក្ត ជាតំណាងសហគមន៍បឹងកក់ លោកថេង សាវឿន ប្រធានបណ្តាញកសិករ និងកម្មករចំនួន២០នាក់ទៀតដែលបានចូលរួមធ្វើបាតុកម្ម ទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លាក្នុងមួយខែ។ ពួកគាត់ទាំងនោះត្រូវបាន ចាប់ខ្លួន កាលពីថ្ងៃទី២ និងទី៣ ខែមករា នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ាផ្លូវវ៉េងស្រេង។ នៅថ្ងៃទី៨ កុម្ភៈ កម្មករ២នាក់ត្រូវបានដោះលែងអោយនៅក្រៅឃុំ៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៤