គ្រូបង្វឹកបាសេឡូណា លាពីដំណែងជាបន្ទាន់ ដោយសារជំងឺមហារីកលាប់
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 20, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាសេឡូណា (Barcelona) បានប្រកាសថា គ្រូបង្វឹកលោក ទីតូ វីឡាណូវ៉ា (Tito Vilanova) បានលាលែងពីដំណែងគ្រូបង្វឹកភ្លាមៗ បន្ទាប់ពីជម្ងឺមហារីករបស់គាត់រើឡើងសារជាថ្មីទៀត។
គ្រូបង្វឹកលោក ទីតូ វីឡាណូវ៉ា របស់ក្រុមបាសេឡូណា។ (រូបថត Reuters)
ក្លិបយក្សរបស់អេស្ប៉ាញ បានធ្វើសន្និសីតកាសែតមួយ ដោយគ្មានការគ្រោងទុក កាលពីថ្ងៃសុក្រ បន្ទាប់ពីមានសេចក្តីរាយការណ៏ថា លោកវីឡាណូវ៉ា ដែលមានជំងឺមហារីកបំពងកនោះ ជំងឺបានរើឡើងសារជាថ្មី ហើយថែមទាំងត្រូវបន្តការព្យាបាលក្នុងរយះពេលមួយយូរអង្វែង។
លោកវីឡាណូវ៉ា ដែលចូលមកដឹកនាំជំនួសដំណែងលោកប៉ិប ហ្គាឌីអូឡា (Pep Guardiola) នៅក្នុងកីឡាដ្ឋាននូខេម (Nou Camp) កាលពីរដូវក្តៅមុន បានវះកាត់យកដុំសាច់ក្នុងបំពង់កចេញរួចម្តងហើយ កាលពីចុងឆ្នាំ២០១១។ ប៉ុន្តែគាត់បានលាប់ជម្ងឺនេះឡើងវិញ នៅ១ឆ្នាំបន្ទាប់។
កាលពីខែធ្នូរ គាត់ក៏បានធ្វើដំណើរទៅសម្រាកព្យាបាលនៅក្នុងទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិករួចហើយដែរ មុនពេលដែលគាត់ត្រឡប់មកដឹកនាំក្រុមវិញ។ ប៉ុន្តែពេលនេះ គាត់អាចនឹងសម្រាកព្យាបាលក្នុងរយះពេលយូរ ដើម្បីឲ្យជំងឺជាសះស្បើយវិញ ដូច្នេះដំណែងរបស់គាត់មិនអាចគ្មានអ្នកជំនួសបានទេ ខណៈដែលរដូវកាលថ្មីជិតនឹងចាប់ផ្តើម។
នៅក្នុងសន្និសីតកាសែតនោះ ក៏មានការកោះហៅកីឡាករក្នុងក្រុមទាំងអស់ឲ្យចូលរួមផងដែរ។ ប្រធានក្លិបបាសេឡូណា លោកសាន់ដ្រូ រ៉ូស្សែល (Sandro Rosell) បាននិយាយថា៖ «ពត៌មានដែលខ្ញុំនឹងផ្តល់ឲ្យ ជាពត៌មានដែលអ្នកគ្រប់គ្នាមិនចង់លឺ។ បន្ទាប់ពីធ្វើតេស្តពិនិត្យសុខភាពរបស់លោកវីឡាណូវ៉ា យើងឃើញថាជំងឺរបស់គាត់លាប់ឡើងវិញ ហើយថែមទាំងត្រូវចំណាយពេលព្យាបាល ក្នុងរយះពេលមួយយូរ ដូច្នេះគាត់មិនអាចបន្តដំណែងជាគ្រូបង្វឹកទៀតបានទេ។»
ក្លិបអ្នកមានបុណ្យ (បាសេឡូណា) នឹងចាប់ផ្តើមស្វែងរកគ្រូបង្វឹកថ្មីឲ្យបានឆាប់បំផុត ប៉ុន្តែរ៉ូស្យែល បានប្រកាសថា គាត់នឹងតែងតាំងគ្រូបង្វឹកថ្មី ក្នុងពេលឆាប់ៗខាងមុខនេះ។
ម្ចាស់ក្លិបរូបនេះដដែល បានបន្ថែមថា៖ «យើងនឹងធ្វើការប្រកាស គ្រូបង្វឹកថ្មីក្រុមបាសេឡូណបន្ទាប់ នៅដើមសប្តាហ៏ក្រោយ។»
សេចក្តីរាយការណ៏ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា លោកជូន ហ្វ្រែសេស ហ្វឺរី (Joan Francesc Ferrer), ហៅកាត់ថា រ៉ាប់ប៊ី (Rubi) ដែលជាគ្រូហ្វឹកហាត់កីឡាករ និងជាជំនួយការរបស់លោកវីឡាណូវ៉ា អាចនឹងឡើងកាន់ដំណែងជាគ្រូបង្វឹកវិញ ខណៈដែលគ្រូបង្វឹកក្រុមទតិនហេម (Tottenham) លោកអេនដ្រេ វីឡាសបូអាស់ (Andre Villas-Boas) ក៏អាចជាគោលដៅមួយដែរ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ