វាយប្រហារតាមអាំងធើណែត៖ ហាហ្គែល ព្រមានក្រុងប៉េកាំង
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ជូក ហាហ្គែល (Chuck Hagel) បានបញ្ជូនសារមួយ ដែលមានន័យពីរបែបទៅកាន់ទីក្រុងប៉េកាំង ដោយន័យទីមួយសង្ឃឹមថា នឹងមានការធ្វើឲ្យប្រសើរឡើងបន្ដិតម្ដងៗ នៃទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ ប៉ុន្តែន័យទីពីរ លោកបានព្រមានយ៉ាងម៉ឺងម៉ាត់ ស្ដីពីការវាយប្រហារទាំងឡាយតាមប្រព័ន្ធអាំងធើណែត។
ថ្លែងក្នុងសន្និសិតកាសែតមួយ នៅប្រទេសសាំងហ្គាពួរ លោកហាហ្គែល បានកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោន បានបង្ហាញពីកង្វល់របស់ខ្លួន ទាក់ទងនឹងការ«គម្រាមដ៏ខ្លាំងក្លា» នៃការវាយប្រហារតាមអាំងធើណែត ដែលក្នុងនោះ មានមួយចំនួនធំត្រូវបានរកឃើញថា រដ្ឋាភិបាលនិងយោធាចិនស្ថិតនៅពីក្រោយ។
លោកហាហ្គែល មិនមែនជាអ្នកទទួលខុសត្រូវលើកទីមួយរបស់អាមេរិកនោះទេ ដែលក្ដៅក្រហាយជាសាធារណៈទល់នឹងប្រទេសចិន ពីការវាយប្រហារខាងផ្នែកព័ត៌មានវិទ្យា ដែលនឹងអនុញ្ញាតឲ្យគេលួចបាននូវទិន្នន័យទាំងឡាយ របស់សហរដ្ឋអាមេរិក។ អ្នកទទួលខុសត្រូវអាមេរិកលើកមុន ធ្លាប់បានថ្លែងយ៉ាងដូច្នេះ នៅក្នុងប្រទេសចិនតែម្ដង ដែលកាលណោះបង្កឲ្យមានប្រតិកម្មតបវិញយ៉ាងខ្លាំងក្លាពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង។
លោក ហាហ្គែល បានវាយតម្លៃថា សហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយប្រទេសចិន និងប្រទេសដទៃទៀត ដើម្បីរៀបចំឲ្យធម្មតាតែល្អស្អាតឡើងវិញ នូវលំហអាំងធើណែត។ ជាមួយនឹងទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិកដ៏យូរលង់មកនោះ លោករដ្ឋមន្ត្រីបានអះអាងថា ប្រទេសទាំងពីគួបន្ថែមឲ្យមាន នូវភាពទុកចិត្តនៃបញ្ហាខ្លះទៀត ដើម្បីជៀសវាងការថ្លោះធ្លោយខាងយោធា។
នៅក្នុងសុន្ទរកថានោះដដែល លោកហាហ្គែលក៏បាននិយាយដល់ដែរ ថាបើទោះជាមានគម្រោងថវិកាមិនទូលាយ ប៉ុន្តែមន្ទីរប៉ងតាហ្គោន (Pentagone) នៅតែបន្តសម្រួចការខិតខំប្រឹងប្រែងរបស់ខ្លួន នៅតំបន់អាស៊ី-ប៉ាស៊ីភិកដដែល៕
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ