កម្ពុជា៖ ការចាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោត ឆ្នាំ២០១៣
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: May 23, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ ការចាប់លំដាប់លេខរៀងនៃគណបក្សនេះ បាននិមន្តជាព្រះរាជអធិបតីភាពសម្តេចព្រះសង្ឃរាជទាំងពីរគណៈ។ សម្តេចព្រះសង្ឃរាជនៃគណៈមហានិកាយ អគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងសម្តេចព្រះមហាសង្ឃរាជនៃគណៈធម្ម-យុត្តិកនិកាយ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតី បួ គ្រី ។
លោក ទេព នីថា នៅពេលចំណាត់លេខរៀងរបស់គណបក្សបានធ្វើរួច។
នាព្រឹកថ្ងៃទី២៣ ខែឧសភា ព្រឹកម៉ិញនេះ នៅទីស្តីការគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពីធីចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយដាក់លើសន្លឹកឆ្នោត។ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ឆ្នាំ២០១៣ មានចំនួនគណបក្សចំនួនប្រាំបីចូលរួម ក្នុងចំណោមគណបក្សចំនួន៤២ ដែលបានចុះឈ្មោះនៅក្រសួងមហាផ្ទៃ។
ក្នុងរយៈពេល១៥ថ្ងៃនៃការចុះបញ្ចីឈ្មោះគណបក្សនយោបាយចាប់ពីថ្ងៃទី២៩ខែមេសា ដល់ថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៣ មានគណបក្សចំននួនប្រាំបីដែល គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការដើម្បីចូលរួមការបោះឆ្នោតនាថ្ងៃខាងមុខរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សសម្ពន្ធ័ដើម្បីប្រជាធិបតេយ្យ គណបក្សហ្វុនស៊ិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សសង្គ្រោះជាតិ គណបក្សខ្មែរឈប់ក្រ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
និម្មិតសញ្ញា និងឈ្មោះនៃគណបក្សទាំងប្រាំបី ត្រូវបានលើកបង្ហាញម្តងមួយៗជាសាធារណៈ និងដាក់ចូលក្នុងស្រោមសំបុត្រស រួចដាក់ចូលក្នុងហិបឆ្នោត។ លោក អ៊ឹម សួស្តី ជាអ្នកជ្រាវ(ច្របល់)សន្លឹកឆ្នោតទាំងនោះចំនួនប្រាំបីដង ទើបប្រគេនជូនសម្តេចសង្ឃរាជទាំងពីរគណៈ ចាប់ឆ្លាស់ព្រះអង្គរហូតគ្រប់ទាំងប្រាំបីគណបក្ស។
លទ្ធផលនៃការចាប់ឈ្មោះគណបក្សនោះ លេខរៀងទីមួយត្រូវបានទៅគណបក្សសញ្ជាតិកម្ពុជា លេខរៀងទីពីរបានទៅគណបក្សហ្វុនស៊ិនប៉ិច លេខរៀងទីបីបានទៅគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ លេខរៀងទីបួនបានទៅគណបក្សប្រជាជនកម្ពុជា លេខរៀងទីប្រាំបានទៅគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច លេខរៀងទីប្រាំមួយបានទៅគណបក្សខ្មែរឈប់ក្រ លេខរៀងទីប្រាំពីរបានទៅគណបក្សសង្គ្រោះជាតិ លេខរៀងចុងក្រោយគណបក្សសម្ពន្ធ័ដើម្បីប្រជាធិបតេយ្យ។
បន្ទាប់ពីមានការចុះហត្ថលេខា ទទួលស្គាល់ដោយតំណាងគណបក្សនីមួយៗ លើបញ្ជីកំណត់«លេខរៀងគណបក្សលើសន្លឹកឆ្នោត» បានចប់សព្វគ្រប់រួចមក សម្តេចព្រះសង្ឃរាជទាំងពីរគណៈសូមសំណូមពរដល់ប្រជាពលរដ្ឋខ្មែរមូល កុំឲ្យមានកម្មពពៀរ វេរានឹងគ្នា សូមឲ្យបានតែសុខ(...)។ ជ្រកក្រោមម្លប់ដ៏ត្រជាក់នៃព្រះធម៌ និងសូមរក្សាសាមគ្គីធម៌ដែលនាំមកនូវសេចក្តីសុខ សន្តិភាពជារៀងរហូត ជូនដល់សង្គមជាតិ មាតុភូមិយើងទាំងមូល។
សូមរម្លឹកថា នៅថ្ងៃទី២៨ ឧសភា ខាងមុខនេះ ជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ជាការបោះឆ្នោតលើកទី១៦ របស់កម្ពុជា ចាប់រាប់ពីការបោះឆ្នោតសភាលើកទីមួយនៅឆ្នាំ១៩៤៦មក។
ក្នុងរាជាណាចក្រកម្ពុជាទីពីរ ឆ្នាំ១៩៩៨ គ.ជ.ប បានរៀបចំឲ្យមានការរបោះឆ្នោតចំនួនដប់លើក។ ការបោះឆ្នោតសកលចំនួនប្រាំមួយលើក និងអសកលចំនួនបួនលើក។ ការបោះឆ្នោតសកល រួមមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តចំនួនបីលើក និងការបោះឆ្នោតឃុំ-សង្កាត់បីលើក ។ ឯការបោះឆ្នោតអសកលមាន ការជ្រើសតាំងសមាជិកព្រឹទ្ធសភាពីរលើក ជ្រើសរើសក្រមប្រឹក្សារាជធានី-ចេត្ត-ក្រុង-ស្រុក-ខណ្ឌចំនួនមួយលើក និងការបោះឆ្នោតឡើងវិញ នៅខណ្ឌពោធិ៍សែនជ័យចំនួនមួយលើក។ នេះបើតាមកាលើកឡើងរបស់ លោក អ៊ឹម សួស្តី ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងពិធិ ចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនយោបាយដាក់លើសន្លឹកឆ្នោត៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ