បាល់ទាត់៖ ខ្សែ​ការពារ ដេវ៊ីដ ល្វីស ជួយ​ឲ្យ​ឆែលស៊ី ឈ្នះ​បាស្សែល

កីឡាករខ្សែការពារ ដេវ៊ីដ ល្វីស (David Luiz) បានរកគ្រាប់បាល់បញ្ចូលទីនៅចុងម៉ោងបង្គ្រប់បន្ថែម ហើយជួយឲ្យក្រុមតោខៀវ ឆែលស៊ី (Chelsea) យកឈ្នះ ២-១ ទៅលើក្រុម អេហ្វស៊ី បាស្សែល (FC Basel) ក្នុងការប្រកួតជើងទី១ នៃពានរង្វាន់អ៊ឺរ៉ូផាលីក (Europa League) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃព្រហស្បតិ៏។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករខ្សែការពារ ដេវ៊ីដ ល្វីស (David Luiz) បានរកគ្រាប់បាល់បញ្ចូលទីនៅចុងម៉ោងបង្គ្រប់បន្ថែម ហើយជួយឲ្យក្រុម តោខៀវឆែលស៊ី (Chelsea) យកឈ្នះ ២-១ ទៅលើក្រុម អេហ្វស៊ី បាស្សែល (FC Basel) ក្នុងការប្រកួតជើងទី១ នៃពានរង្វាន់ អ៊ឺរ៉ូផាលីក (Europa League) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃព្រហស្បតិ៏។

បាស្សែល ដែលទើបតែបានមកបង្ហាញខ្លួន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអ៊ឺរ៉ូផាលីក ជាលើកទី១ របស់ខ្លួននោះ ជិតនឹង​បញ្ចប់លទ្ធផលបានស្មើទៅហើយ បន្ទាប់ពីទទួលបានបាល់ចំណេញ ប៉េណាល់ទី នៅនាទី ទី៨៧ ហើយកីឡាករ ហ្វាបៀន ស្កា (Fabian Schar) ជាអ្នកធ្វើបានសម្រេច ដោយលុបចោលគ្រាប់បាល់នាំមុខរបស់ក្រុមឆែលស៊ី ដែលធ្វើបានសម្រេច​ដោយ កីឡាករ វីកទ័រ ម៉ូសេ (Victor Moses) តាំងតែពីដើមវគ្គទី១។

ទោះបីជាយ៉ាងណា នៅម៉ោងបង្គ្រប់បន្ថែម ដេវ៊ីដ ល្វីស បានទទួលភារកិច្ចជាអ្នកទាត់បាល់ពិន័យ (free-kick) ចំងាយ ២៥យ៉ាដ។ ខ្សែការពាររូបនេះ ធ្វើបានយ៉ាងល្អ ដោយទាត់បាល់ចំចុងដៃអ្នកចាំទីបន្តិច ហើយក៏ចូលទីក្រុមបាស្សែល បានសម្រេច ដែលជួយឲ្យក្រុមរបស់លោក រ៉ាហ្វា បេនីតេស (Rafael Benitez) មានសង្ឃឹមខ្លាំងក្នុងការប្រកួតជើងទី២ នៅកីឡាដ្ឋាន ស្តេមហ្វដ ប្រិជ (Stamford Bridge) នាសប្តាហ៏ក្រោយ។

គ្រូបង្វឹកបណ្តោះអាសន្ន លោក បេនីតេស បានប្រាប់ដល់ទូរទស្សន៏ អាយធីវី (ITV) ថា «យើងបានលេងជាមួយនឹង ក្រុម​មួយដ៏ល្អ។ វាជាការប្រកួតមួយ ដ៏តានតឹង តែយើងមានឱកាសគ្រប់គ្រាន់ ក្នុងការរកគ្រាប់បាល់បញ្ចូលទី។ ប៉ុន្តែការសម្រច​ចិត្តរបស់អាជ្ញាកណ្តាល ក្នុងការឲ្យបាល់ប៉េណាល់ទី ទៅដល់ពួកគេនោះ ពិតជាធ្វើឲ្យគ្រប់គ្នាមានការងឿងឆ្ងល់។»

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានបន្តថា «វាពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងជ័យជំនះមួយនេះ។ យើងអាច​រក​គ្រាប់បាល់បាននៅក្រៅផ្ទះ ជារឿងមួយដ៏សំខាន់ ប៉ុន្តែយើងអាចរកបានគ្រាប់បាល់បញ្ចូលទីចំនួន ២គ្រាប់ និងអាចឈ្នះ​ការប្រកួត វាជារឿងមួយកាន់តែប្រសើរថែមទៀត។»

គួររំឭកថា ក្រុម អេហ្វស៊ី បាស្សែល មុននឹងឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្រុមនៃប្រទេសស្វីសមួយនេះ បាន​ទម្លាក់ក្រុមអង់គ្លេសមាន់ខ្នាយមាស ទតិនហេម ហតស្ពឺ (Tottenham Hotspur) ក្នុងវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ ដោយបាល់​កាត់​ក្តីប៉េណាល់ទី។ ហើយក្រុមម្ចាស់ជើងឯកស្វីសនេះ ក៏ធ្លាប់ទម្លាក់ក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ពីក្របខ័ណ្ឌឆែមពានលីក (Champions League) កាលពីរដូវកាលមុនដែរ។

ចំណែកឯការប្រកួតមួយគូទៀត ក្រុមហ្វឺណាបាច់ (Fenerbahce) របស់ប្រទេសទួរគី បានយកឈ្នះ ក្រុមបិនហ្វីកា (Benfica) របស់ប្រទេសព័រទុយហ្គាល់ ដោយលទ្ធផល ១-០ ដែលជាគ្រាប់បាល់ធ្វើបានសម្រេចដោយ កីឡាករ អេចមែន ខូកម៉ាស់ (Egeman Korkmaz) នៅនាទី ទី៧២។

ការប្រកួតជើងទី២ នៃពានរង្វាន់អ៊ឺរ៉ូផាលីក វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នឹងត្រូវធ្វើឡើងនៅ ថ្ងៃទី០២ ខែឧសភា សប្តាហ៏​ក្រោយ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...